ក្រសួងការងារ បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយស្វែងរកការងារជូនពលករខ្មែរ ដោយសហគ្រាសនានានៅទូទាំងប្រទេស ត្រូវការកម្លាំងពលកម្មជាង ២៣ម៉ឺនកន្លែង


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងជួយសម្របសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ និងជាពិសេសការជួយស្វែងរកការងារជូនបងប្អូនដែលត្រលប់មកមាតុភូមិកម្ពុជារបស់យើង ដោយបច្ចុប្បន្នសហគ្រាសគ្រឹះស្ថាននានានៅទូទាំងប្រទេស កំពុងតែត្រូវការកម្លាំងពលកម្មយ៉ាងតិចបំផុតជាង ២៣ម៉ឺនកន្លែង។

ការលើកឡើងឲ្យដឹងបែបនេះរបស់លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានសហការគាំទ្រ និងដាក់តាំងបង្ហាញសមិទ្ធផល ស្នាដៃ និងខ្សែសង្វាក់ផលិតកម្មក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ក្រោមប្រធានបទ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកស្រី សុវណ្ណ វណ្ណារតន៍ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ ខណៈដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានចេញគោលការណ៍ភ្លាមៗផងដែរ ដោយប្រគល់ភារកិច្ចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី ខេត្តទាំង៧ ជាប់ព្រំដែន ដើម្បីផ្តល់សេវា​ និងការសម្របសម្រួលចាំបាច់នានា ដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ។

នៅពេលនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួង ក៏កំពុងតែបំពេញកិច្ចការបន្ទាន់ និងនៅប្រចាំការនៅខេត្តជាប់ព្រំដែន ត្រៀមចាំទទួល​ និងជួយដល់បងប្អូនផងដែរ។ ជាងនេះទៅទៀត លោកស្រី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់បងប្អូនពលករកម្ពុជា ដែលមានបំណងវិលត្រឡប់មកប្រទេសកំណើតរបស់យើងផងដែរ។

តាមរយៈរបាយការណ៍របស់លោក ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ អ្នកដែលបានចូលរួមទិវាជាតិនៅទូទាំងរាជធានី-ខេត្ត ក្នុងឆ្នាំ២០២៥ នេះ មានចំនួនសរុបប្រមាណជាង ៧ម៉ឺននាក់។ នេះសបញ្ជាក់ថា ទិវាជាតិឆ្នាំនេះមានចំនួនអ្នកចូលរួមកើនឡើងយ៉ាងច្រើន ពោលគឺកើនប្រមាណ ១ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួនប្រមាណ ៦ម៉ឺននាក់ និងបានកើនឡើងប្រមាណ ៤ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំដំបូង២០១៨ ដែលមានចំនួនត្រឹមតែប្រមាណ ៣ម៉ឺននាក់ប៉ុណ្ណោះ។

លើសពីនេះ បើគិតពីចំនួនអង្គភាពចូលរួមពិព័រណ៍ទាំងសាធារណៈ និងឯកជន ត្រឹមតែថ្នាក់ជាតិមានត្រឹមតែប្រមាណ​ ១០០អង្គភាព នៅឆ្នាំ២០២៤ ប៉ុន្តែនៅឆ្នាំ២០២៥ នេះ មានអង្គភាពចូលរួមពិព័រណ៍ដល់ទៅ ១៣៨ ដែលវិសេសជាងឆ្នាំមុនៗទៀត នោះគឺការចូលរួមចែករំលែកបទពិសោធន៍ការអភិវឌ្ឍន៍ជំនាញ និងកម្មវិធី ASEAN Year of Skills 2025 របស់ប្រទេសម៉ាឡេស៊ី និងគ្រឹះស្ថាន TVET មកពីប្រទេសចិន។

លោក ហ៊ីង ស៊ីដេត បានបន្តថា ទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ថា វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជាបានកំពុងបោះជំហានទៅមុខគួរទីមោទនៈ ដោយមានកូនខ្មែរជាច្រើនរូប ដែលជាសិស្ស-និស្សិតរបស់គ្រឹះស្ថានTVET បានបង្កើតនូវរ៉ូបូតទំនើបៗជាច្រើនប្រភេទ, វត្តមានរបស់ក្រុមហ៊ុនក្នុង និងក្រៅប្រទេសជាច្រើនចូលរួមបង្ហាញផលិតផល, និងវត្តមានដ៏ច្រើនលើសលប់នៃយុវជន, សិស្សានុសិស្ស, ក្មួយៗ និងអ្នកពាក់ព័ន្ធផ្សេងៗ ជាច្រើនដែលបានចូលរួម និងកំពុងងាកមកចាប់អារម្មណ៍លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈកាន់តែច្រើនជាងមុនផងដែរ។

លោកបានបន្ថែមថា ការនេះបានសបញ្ជាក់ថា សិស្សនិស្សិត TVET កម្ពុជា មានទាំងជំនាញបច្ចេកទេស (Hard-skill) និងជំនាញទន់ (Soft-skill) ដែលជាគុណវុឌ្ឍដ៏សំខាន់បំផុតសម្រាប់ទីផ្សារការងារក្នុងស្រុក និងក្រៅស្រុក។ ក្មួយៗ គឺជាសាក្សីរស់ ជាគំរូនិងជាអ្នកនាំសារដល់មានឥទ្ធិពលដល់ក្មួយៗផ្សេងៗ ដែលមិនទាន់បានមកចុះឈ្មោះសិក្សា ឬកំពុងចាប់អារម្មណ៍ជ្រើសរើស, ឬមានបំណងចង់ផ្ញើរអនាគត និងចង់សាងក្តីសង្ឃឹមជាមួយនឹង TVET៕





Powered by Blogger.