ពិធីសំណេះសំណាលជាមួយសាខា.អនុសាខាសមាគមអាចារ្យខ្មែរខេត្ត ក្រុង ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ




(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសាខា.អនុសាខាសមាគមអាចារ្យខ្មែរខេត្ត ក្រុង ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម វត្តបមសុទ្ធាវាស សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក បៀរ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងខេត្តបន្ទាយមានជ័យរបស់យើងនេះ មានវត្តសរុបទាំងអស់ចំនួន ២៥៧ វត្ត ព្រះសង្ឃសរុប ចំនួន ៤៥០៦ អង្គ និងអាចារ្យ អាចារិនី សរុបចំនួន ១០០៤ នាក់ ក្នុងនោះ មន្ទីរបានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ របស់ក្រសួងធម្មការ និងសាសនា ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ (ជំនាន់ទី១) រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សរុបបានចំនួន ៤៩ ជំនាន់ អាចារ្យ អាចារិនី ដែល បានទទួលការបណ្តុះបណ្តាល សរុបចំនួន ៤៣៤ អង្គ/នាក់ ស្មើនឹង ៤៣.២៣% (ព្រះសង្ឃចំនួន ៥៣អង្គ និងគ្រហស្ថ ៣៨១នាក់(ស្រី៨នាក់)។

ថ្លែងងនៅក្នុងឱកាសនោះលោក​ យឹម សំណាង អភិបាលរងខេត្ត បាបានមានប្រសាសន៍ថា៖ កម្មវិធីជួបជុំរបស់អាចារ្យនិងអាចារិនីទូទាំងខេត្តនេះថ្ងៃនេះ​ មានគោលបំណង​ លើកកម្ពស់សមត្ថភាពយល់ដឹងពី ការគ្រប់គ្រងអាចារ្យជាគោលដែលមានការឯកភាពរួម​ និងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ​ បន្ថែមដល់អាចារ្យនិងអាចារិនីទាំងអស់​ អោយទទួលបានការបណ្ដុះបណ្ដាល​ ពីសមាគមអាចារ្យខ្មែរ​ និងម្យ៉ាងវិញទៀតការជួបជុំនៅថ្ងៃនេះ​ គឺដើម្បីឲ្យមានការផ្លាស់ប្តូរមតិយោបល់និងបានចែករំលែក សហការគ្នាទៅវិញទៅមកដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទូទៅរបស់អាចារ្យនិងអាចារិនីឱ្យកាន់តែល្អមានទំនុកចិត្ត និងទទួលបានក្នុងការបម្រើកិច្ចការ​ អាចារ្យ​ក្នុងខេត្តបន្ទាយមានជ័យ។

លោក យឹម សំណាង​ បានមានប្រសាសន៍បន្ថែមថា៖​ ទី១​ អាចារ្យអាចារិនីត្រូវមានវិជ្ជាសម្បត្តិផ្នែកពុទ្ធចក្រ​ ឲ្យបាន​ ទូលំទូលាយ​ ដូចជា​ ចេះសូត្រធម៌​ ឱ្យបានច្បាស់​។ ទី២​ អាចារ្យអាចារិនីត្រូវមានសមត្ថភាពដឹកនាំ​ អ្នកដទៃក្នុងការធ្វើកិច្ចនៃពិធីបុណ្យផ្សេងៗ​ ដូចជាពិធីបុណ្យក្នុងព្រះពុទ្ធសាសនាដូចជាបុណ្យពិសាខបូជា​ មាឃបូជា​ជាដើម​ ពិធីបុណ្យប្រពៃណីដូចជាពិធីបុណ្យចូលឆ្នាំខ្មែរឬពិធីអាពាហ៍ពិពាហ៍ជាដើម។  ទី៣​ អាចារ្យអាចារិនីត្រូវមាន​ វោហារ​ប៉ិនប្រសប់ក្នុងការនិយាយស្ដី។ ទី៤​ អាចារ្យអាចារិនីត្រូវមានទំនាក់ទំនងល្អជាមួយពុទ្ធបរិស័ទ។ ទី៥​ អាចារ្យអាចារិនីត្រូវឈ្លាសវៃក្នុងការដឹកនាំ​ ពិធីកម្ម​ ផែនការ​ ការទាក់ទងពុទ្ធបរិស័ទជាដើម។ ទី៦​ អាចារ្យអាចារិនីត្រូវស្គាល់តួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់។ ទី៧​ អាចារ្យអាចារិនីត្រូវមានក្រមសីលធម៌វិជ្ជាជីវៈសេចក្ដីថ្លៃថ្នូរជៀសវាងអំពើឆបោកកេងប្រវ័ញ្ចធ្វើអាជីវកម្មយកព្រះពុទ្ធសាសនាជាតិមុខរបរដើម្បីផលប្រយោជន៍លាភសក្ការៈផ្ទាល់ខ្លួនដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា​ និងទី៨​ អាចារ្យអាចារិនីត្រូវរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងចៀសវាងការ ប្រកាន់​ បក្ស​ពួក៕





















Powered by Blogger.