កាកបាទក្រហមកម្ពុជាផ្តល់ថវិកា១០ម៉ឺនដុល្លារជូនកាកបាទក្រហមវៀតណាមក្នុងប្រតិបត្តិការមនុស្សធម៌ តួលេខអ្នកស្លាប់ដោយសារតែព្យុះទីហ្វុង Yagi ការរអិលបាក់ដី និងគ្រោះទឹកជំនន់ កើនឡើងដល់ ២៦២ នាក់



ភ្នំពេញ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតជូនលោកស្រី ប៊ុយ ធីហ័រ ប្រធានកាកបាទក្រហមវៀតណាម ដោយសម្តែងការសោកសៅ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះកាកបាទក្រហមវៀតណាម គ្រួសារជនរងគ្រោះ និងប្រជាជនវៀតណាមទាំងមូល ដែលកំពុងរងគ្រោះដោយសារខ្យល់ព្យុះកំណាចទីហ្វុង យ៉ាហ្គី។


លិខិតរបស់សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមានខ្លឹមសារដូច្នេះថា «វាពិតជាការសោកសៅបំផុត ដែលបានទទួលដំណឹងថា ខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី បានវាយប្រហារភាគខាងជើងនៃប្រទេសវៀតណាម បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ក្នុងនោះមានមនុស្សស្លាប់ជាង ២០០នាក់ បាត់ខ្លួនប្រមាណ ១២៤នាក់ របួសជាង ៨០០នាក់ និងរងការខូចខាតផ្ទះសម្បែងចំនួន ១៣០,២៦៨ខ្នង និងផ្ទះដែលជន់លិច ចំនួន ៥៧,៨៥៧ខ្នង។


នៅក្នុងស្ថានភាពដ៏លំបាកនេះ «ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកសមានទុក្ខដ៏ក្រៀមក្រំ និងរំលែកនូវទុក្ខលំបាកជាមួយកាកបាទក្រហមវៀតណាម និងប្រជាជនវៀតណាម

ទាំងមូល ជាពិសេសក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។


ខ្ញុំសូមបួងសួងឱ្យឆាប់ស្ដារឡើងវិញយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ដែលរងគ្រោះ ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់កាកបាទក្រហមវៀតណាម សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (IFRC) និងសមាគមជាតិជាបងប្អូន និងសូមជូនពរឱ្យប្រជាជនវៀតណាមទាំងអស់ មានសុខភាពល្អ។ សូមលោកស្រី ប៊ុយ ធីហ័រ មេត្តាទទួលយកនូវការគោរពរាប់អានដ៏ស្មោះពីខ្ញុំ»។



គិតត្រឹមថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា អាជ្ញាធរវៀតណាម បញ្ជាក់ថា តួលេខអ្នកស្លាប់ដោយសារតែព្យុះទីហ្វុង Yagi ការរអិលបាក់ដី និងគ្រោះទឹកជំនន់ កើនឡើងដល់ ២៦២ នាក់ហើយ ខណៈទឹកជំនន់បានស្រកចុះវិញជាបណ្ដើរៗ ស្របពេលកិច្ចខិតខំស្វែងរកនៅតែបន្ត ។


ព្យុះ Yagi គឺជាព្យុះដ៏ខ្លាំងបំផុតដែលវាយប្រហារតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំនេះ ដោយបោកបក់មកកាន់ឆ្នេរសមុទ្រប្រទេសវៀតណាមចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ បានឱ្យដឹងថា មនុស្សជាង ៨២០ នាក់ទទួលរងរបួស និង ៨២ នាក់កំពុងបាត់ខ្លួននៅឡើយ ។


ទីភ្នាក់ងារដដែល បានបញ្ជាក់ជាបន្តទៀតថា មនុស្សចំនួន ១១៥ នាក់ស្ថិតនៅឯភូមិមួយក្នុងទីប្រជុំជនឡាវកៃ (Lao Cai) ដែលធ្លាប់ចុះនៅក្នុងបញ្ជីអ្នកបាត់ខ្លួន ត្រូវក្រុមសង្គ្រោះនាំយកមកវិញដោយសុវត្ថិភាព បន្ទាប់ពីអ្នកស្រុកស្នាក់អាស្រ័យ (ក្នុងខ្ទមឬស្ស៊ី និងប្លាស្ទិក) នៅលើភ្នំអស់រយៈពេល ២ ថ្ងៃដោយគ្មានថាមពលអគ្គិសនីប្រើប្រាស់ និងប្រព័ន្ធទូរគមនាគមន៍សម្រាប់ទំនាក់ទំនង ។


ប្រធានភូមិមួយរូបឈ្មោះ វ៉ាង សេវជូ (Vang Seo Chu) បានប្រាប់ក្រុមសង្គ្រោះថា «ពួកយើងទាំងអស់គ្នា បានវេចស្បៀងអាហារមកតាមខ្លួនខ្លះដែរ ហើយនៅពេលអស់អាហារ ពួកយើងក៏នាំគ្នាទៅជីកទំពាំងព្រៃដើម្បីបរិភោគ» ។

ទន្ទឹមនឹងនេះ អង្គការយូនីសេហ្វ (UNICEF) រាយការណ៍ថា កុមាររាប់សែននាក់ បានបាត់បង់ផ្ទះសម្បែង និងកំពុងខ្វះលទ្ធភាពទទួលបានទឹកស្អាត អនាម័យ និងការថែទាំសុខភាព។ អង្គការនេះ បានបន្ថែមថា កុមារប្រហែល ២ លាននាក់ នឹងគ្មានលទ្ធភាពទទួលបានការអប់រំ ដោយសារតែខូចខាតសាលារៀន ។ អង្គការយូនីសេហ្វ ប៉ាន់ប្រមាណថា ថវិកាដំបូងចំនួន ១៥ លានដុល្លារ គឺស្ថិតនៅក្នុងតម្រូវការជាចាំបាច់ ដើម្បីដោះស្រាយតម្រូវការសំខាន់ៗរបស់កុមារ និងក្រុមគ្រួសារដែលរងផលប៉ះពាល់។

ក្នុងពេលដំណាលគ្នា ក្រសួងហិរញ្ញវត្ថុវៀតណាម បាននិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុនធានារ៉ាប់រង នឹងត្រូវដោះស្រាយសំណងចំនួន ៧ ពាន់ពាន់លានដុងនៃរូបិយប័ណ្ណវៀតណាម ឬប្រហែល ២៨៥.៣៦ លានដុល្លារអាម៉េរិក សម្រាប់ការខូចខាតដែលបង្កឡើងដោយឥទ្ធិពលព្យុះទីហ្វុង និងទឹកជំនន់ រួមទាំងការបាក់ដី ៕





Powered by Blogger.