លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខេត្ត ស្វាយរៀងកំពុងបើកភ្នែកមើលទំនិញគេចពន្ធតាមច្រករបៀងធ្លកថ្មី ក្នុងស្រុកកំពង់រោទិ៍



ខេត្តស្វាយរៀង÷ ប្រភពរាយការណ៍ថា សព្វថ្ងៃនេះទំនិញគេចពន្ធកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង តាមច្រករបៀងធ្លកថ្មី ក្នុងឃុំត្នោត ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង។ រថយន្ត ធំៗកំពុងបំផ្លាញផ្លូវក្នុងសហគមន៍ នៃស្រុកកំពង់រោទិ៍ក្រោមក្រសែភ្នែករបស់ពួកមន្ត្រីគយ ដោយមិនខ្វល់អំពីបញ្ហាទំនិញគេចពន្ធនេះឡើយ។ លោកហេង សំបូរប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង មិននិយាយអ្វីទាល់តែសោះអំពីបញ្ហានេះ ពេលដែលអ្នកកាសែតសួរ នាំអំពីបញ្ហាទំនិញគេចពន្ធតាមច្រករបៀងខាងលើនេះ។


ប្រភពរាយការណ៍ថា ថ្មីៗនេះគេសង្កេតឃើញ រថយន្តធុនធំខ្នាតយក្សប្រភេទវ៉េអង១គ្រឿង ដឹកទំនិញធ្ងន់ខ្ពស់មកប់ពពក បម្រុងឆ្លងដែនចូលទៅប្រទេសវៀតណាម សង្ស័យជាទំនិញគេចពន្ធ មកដល់កណ្តាលផ្លូវស្រាប់តែក្រឡាប់ផ្ងារជើងច្រងាងៗ នៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវលំស្ថិតក្នុងភូមិព្រៃរបឹស ឃុំត្នោត ស្រុកកំពង់រោទិ៍ខេត្ត ស្វាយរៀង។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រឡាប់នេះប្រភេទវ៉េអង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A- 0499 ដឹក ទំនិញខ្ពស់កប់ពពក លុះដល់ចំណុចកើត ហេតុខាងលើ ក៏ក្រឡាប់ផ្ងារជើង តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវទេ។ អ្នកភូមិជិតនោះខ្សឹប ខ្សៀវថាទំនិញទាំងចេញនិងចូលតាមច្រករបៀងខាងលើគឺជាទំនិញភាគច្រើនគេចពន្ធ។


ប្រភពបន្តថា ប៉ុន្មានខែចុងក្រោយនេះ គេឃើញរថយន្តយីឌុបធុនធំៗ ប្រភេទវ៉េអង ដឹកទំនិញលើសទម្ងន់ ផ្ទុក ទំនិញចាប់ពី៤០ទៅ៥០តោន ធ្វើចរាចរណ៍លើផ្លូវកៅស៊ូ ឆ្លងកាត់ឃុំចំនួន៤ គឺចេញពីផ្លូវជាតិលេខ១ ចំណុចភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ឆ្លងកាត់ឃុំខ្សែត្រ ឃុំសំឡី ឆ្ពោះទៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់ រោទិ៍ បង្កឲ្យបាក់ស្រុតផ្លូវក្រាលកៅស៊ូជាច្រើនកន្លែង ហើយបន្តទៅតាមផ្លូវលំជនបទ ឆ្លងកាត់ភូមិព្រៃរបឺស និងភូមិធ្លកថ្មី បង្កឲ្យបាក់ស្រុតផ្លូវក្លាយជារណ្តៅសំបុកមាន់ ពិបាកធ្វើដំណើរយ៉ាងខ្លាំងដោយសារតែរថយន្តធុនយក្សទាំងនេះបំផ្លាញ។ ប្រភពបន្តទៀតថា រថយន្តដឹក ទំនិញទាំងនេះធ្វើចរាចរណ៍រាល់ថ្ងៃ ក្នុង១ថ្ងៃៗចាប់ពី៣ គ្រឿងទៅ៥គ្រឿង, ថ្ងៃខ្លះ១០គ្រឿងឯណោះ, ហើយរថយន្តដឹកទំនិញទៅផ្ទេរ នៅលើផ្លូវលំជិតព្រំដែនត្រង់ចំណុចប៉ុស្តិ៍ច្រករបៀងធ្លកថ្មីស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ រថយន្តវៀតណាមបានឆ្លងដែន ចូលមកក្នុងដីខ្មែដើម្បីផ្ទេរទំនិញនៅក្នុងដី ខ្មែរពេលថ្ងៃរហូតដល់វេលាម៉ោងជិត៧យប់ទើបដឹកចូលទៅប្រទេសវៀតណាម ដោយគ្មានសមត្ថកិច្ចជំនាញណាមករំខានឡើយ។


ប្រភពប្រាប់ថា នៅចំណុចច្រករបៀងធ្លកថ្មីនេះ ឈ្មួញវៀតណាមតែងតែយករថយន្ត ឆ្លងដែនចូលមកដីខ្មែររៀងរាល់ថ្ងៃ រង់ចាំឈ្មួញខ្មែរដឹកទំនិញមកផ្ទេរទំនិញដាក់រថយន្តវៀតណាមដឹកឆ្លងដែនទៅប្រទេសវៀតណាម។ ទំនិញរួមមាន ស្ករ.ស គ្រឿងអេឡិចត្រនិច បារីស៊ែត, ក្រណាត់គីប និងសំលៀកបំពាក់ ដែលគេសង្ស័យជាទំនិញគេចពន្ធ ដោយមិនឃើញមានសមត្ថកិច្ចជំនាញណាមកក្បែរទេ សង្ស័យត្រូវថ្នាំសណ្ដំឈ្មួញអស់ហើយមើលទៅ។ ប្រជាពលរដ្ឋនៅតំបន់នោះប្រាប់ថា មិនមាន ការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញថា តើទំនិញនោះជាប្រភេទអ្វីឲ្យច្បាស់លាស់ឡើយ។ មន្ត្រីនៅតំបន់នោះនិយាយថាឈ្មួញទាក់ទងជាមួយមេគយខេត្តស្វាយរៀងរួចហើយ ដូច្នេះមិនបាច់ត្រួតពិនិត្យអ្វីទេ។


ប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចជាសមត្ថកិច្ចមួយចំនួនរិះគន់អាជ្ញាធរមានសមត្ថកិច្ចថា បើកដៃឲ្យឈ្មួញប្រើ ប្រាស់រថយន្តដឹកទំនិញធុនធំប្រភេទវ៉េអងចំណុះចាប់នពី៤០ទៅ៥០តោន ធ្វើចរាចរណ៍នៅលើផ្លូវក្រាលកៅស៊ូ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ជាចំណងដៃជូនប្រជាពលរដ្ឋស្រុកកំពង់រោទិ៍ធ្វើដំណើរនិងផ្លូវលំដែលរាជរដ្ឋាភិបាលស្ថាបនាឡើងជូនប្រជាពលរដ្ឋ ធ្វើដំណើរ ជាពិសេស មន្ត្រីសោធននិវត្សន៍ ធ្វើដំណើរទៅទីតាំងផ្ទះ១០០ខ្នង ដែលរាជរដ្ឋាភិបាលបានសាងសង់ជូនមន្ត្រីសោធននិវត្សន៍នៅតាមបណ្តោយព្រំដែន ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ និងភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា បច្ចុប្បន្នបង្កឲ្យបាក់ស្រុតផ្លូវថ្នល់ខូចក្រហេង ក្រហូងក្លាយជាសំបុកមាន់ជាបណ្តើរៗហើយ បើគ្មានការ ទប់ស្កាត់ទេ គឺផ្លូវថ្នល់ត្រូវខូចអស់ជាមិនខាន។


បើតាមសមត្ថកិច្ចនៅតំបន់នោះនិយាយថា ទីតាំងខាង លើនេះជាបញ្ហាថ្មីមួយដែលរាជរដ្ឋាភិបាល ជាពិសេសស្ថាប័នគយ ត្រូវពិនិត្យឡើងវិញ ពីព្រោះមើលទៅដូចជាមិនមានចំណូលអ្វីជូនជាតិនោះឡើយ ផ្ទុយទៅវិញ វាគ្រាន់តែជាការឃុបឃិតរបស់មេគយ ប្រចាំខេត្តស្វាយ រៀងលោកហេង សំបូរ និងស្ថាប័នពាក់ព័ន្ធមួយចំនួនយកលុយឈ្មួញដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕








Powered by Blogger.