ចូលហ៊ុនគ្នាបើកខារ៉ាអូខេឈ្មោះ JASSMINE នៅក្រុងប៉ោយប៉ែត ឥឡូវម្នាក់រងរបួស ម្នាក់ទៀតចូលគុកក្នុងករណីជម្លោះ បង្កហិង្សាដោយចេតនា
បន្ទាយមានជ័យ៖ កាលនវេលាម៉ោង១៦ និង៤៧នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គួយ ថាវី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ននៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង០១និង០០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេJASSMINE ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស្រ៊ន ស៊ីវហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យបានចូលហ៊ុនគ្នាបើកខារ៉ាអូខេដែលមានឈ្មោះ JASSMINE បានរយៈប្រហែល០១ឆ្នាំ ហើយម្ចាស់ក្រុមហ៊ុនតែងតែឈ្លោះប្រកែកគ្នារឿងភាគហ៊ុន ដោយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៨ និង៣០នាទី ជនរងគ្រោះនិងប្រពន្ធ បានទៅត្រួតពិនិត្យការងារនៅកន្លែងខារ៉ាអូខេ ហើយបានជួបជាមួយឈ្មោះគួយ ថាវី (ជនសង្ស័យ)កំពុងត្រួតពិនិត្យការងារ រហូតដល់វេលាម៉ោងប្រហែល០១និង០០នាទី យប់ចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះបានទៅត្រួតពិនិត្យនៅខារ៉ាអូខេម្តងទៀត ហើយបានចូលទៅនិយាយការងារនៅបន្ទប់ ស្រាប់តែជនសង្ស័យដើរចូលមកតាមក្រោយ វាយជនរងគ្រោះចំនួន០១ដៃត្រូវចំសៀតផ្កាបណ្តាលឱ្យបាត់បង់ស្មារតី និងបន្តវាយជាច្រើនដៃទៀត ព្រមទាំងចាប់ក្បាលជនរងគ្រោះបោកទៅជញ្ជាំងបណ្តាលឱ្យសន្លប់។ ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ តែរកជនសង្ស័យពុំឃើញ រហូតដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានចូលខ្លួនមកបំភ្លឺនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតថា ខ្លួនពិតជាបានប្រើហិង្សាទៅលើជនរងគ្រោះខាងលើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពិតប្រាកដមែន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីស្ដាប់ចម្លើយសារភាព លោកបានចាត់ឱ្យកម្លាំងជំនាញធ្វើកំណត់ហេតុឃាត់ ហើយកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ។
សូមបញ្ជាក់ផងដែ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បបញ្ជូនទៅសាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នូវជនសង្ស័យម្នាក់។
គឺជារឿងចូលហ៊ុនគ្នាបើកខារ៉ាអូខេឈ្មោះ JASSMINE នៅក្រុងប៉ោយប៉ែត ឥឡូវម្នាក់រងរបួស ម្នាក់ទៀតចូលគុកក្នុងករណីជម្លោះនិងមានហិង្សាដោយចេតនា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មមេបញ្ជាការនៅវេលាម៉ោង១៦និង៤៧នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គួយ ថាវី ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ៕
Post a Comment