រថយន្តកែច្នៃមួយគ្រឿង ដឹកជញ្ជូនធ្យូង កងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃាត់ សង្ស័យថា ក្រុមឈ្មួញមានបំណងនាំចេញទៅប្រទេសវៀតណាម

 


ព្រៃវែង ៖ ចាប់ឃាត់នេះបានធ្វើឡើង នៅ ថ្ងៃទី១៤ មីនា ឆ្នំា២០២៤នេះ នៅលើផ្លូវជាតិលេខ៣១០ ក្នុងឃុំអ្នកលឿង ស្រុកពាមរក ខេត្តព្រៃវែង ។ ចាប់ឃាត់រថយន្តដឹកធ្យូងនេះបានហើយ កម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានប្រគល់រថយន្តនោះទៅឲ្យមន្ត្រីជំនាញ សង្កាត់រដ្ឋបាលព្រៃឈើអ្នកលឿង ចាត់ការបន្តទៅតាមនិតិវិធី នៅព្រឹកថ្ងៃដដែលនោះ ។

រថយន្តដឹកធ្យូងមួយគ្រឿងនេះ ក្រុមឈ្មួញបានប្រើប្រាស់ដឹកធ្យូងចេញពីខេត្តត្បូងឃ្មុំ យកទៅលក់ក្នុងប្រទេសវៀតណាម តាមច្រកទ្វាព្រំដែនអន្តរជាតិក្អមសំណរ ក្នុងស្រុកលើកដែក ខេត្តកណ្ដាល ជាច្រើនដងមកហើយ ។

ក្រុមឈ្មួញបានផ្លាស់ប្តូរផ្លូវ ដោយធ្វើសកម្មភាពដឹកធ្យូងបម្រុងនាំចេញទៅប្រទេសវៀតណាម តាមច្រកទ្វាព្រំដែនអន្តរជាតិកោះរការវិញ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹង ហើយក៏ដេញតាមតាំងពីខេត្តត្បូងឃ្មុំ រហូតមកដល់ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ទើបធ្វើការចាប់ឃាត់បាន ហើយក៏ប្រគល់វត្ថុតាងមកឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមច្បាប់ ។

ធ្យូងទាំងអស់ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ ដោយឡែករថយន្តកែច្នៃ មន្ត្រីជំនាញកំពុងទាក់ទងហៅម្ចាស់រថយន្តចូលខ្លួនមកទទួលការពិន័យអន្តរកាល ទៅតាមច្បាប់ស្ដីពីព្រៃឈើ ៕


Powered by Blogger.