លោក ស្រេង សុផល ដឹកនាំកងកម្លាំងចុះពិនិត្យទីតាំងអនឡាញ និងអប់រំណែនាំដល់សិស្សានុសិស្សដែលគេចម៉ោងរៀននៅតាមទីតាំងមួយចំនួនក្នុងក្រុងសិរីសោភ័ណ

 


(បន្ទាយមានជ័យ) ដើម្បីចូលរួមអនុវត្តតាមសេចក្តីណែនាំស្ដីពីការពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាងនៅក្នុងព្រះរាជាណាចក្រកម្ពុជាគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមជាមួយលោក អ៊ុំ វិណារ៉ា លោក អុឹម សុភារៈ អភិបាលរងក្រុង បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច ចុះពិនិត្យទីតាំងល្បែងផ្សងសំណាង(អនឡាញ) និងអប់រំណែនាំដល់សិស្សានុសិស្សដែលគេចម៉ោងរៀនទៅលេងល្បែងអបាយមុខផ្សេងៗ នៅក្នុងទីតាំងមួយចំនួនក្នុងសង្កាត់អូរអំបិល,ព្រះពន្លា,កំពង់ស្វាយ និងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤។


លោក ស្រេង សុផល បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អោយអាជ្ញាធរមូលដ្ឋានត្រួតពិនិត្យទៅលើល្បែងអនឡាញដែលកំពុងបើកដំណើរការអនុវត្តទៅតាមច្បាប់ល្បែងអេឡិចត្រូនិចត្រឹមត្រូវដែរឬទេ។


ក្នុងការចុះត្រួតពិនិត្យនាពេលនោះអាជ្ញាធរក្រុងបានចុះត្រួតពិនិត្យទៅលើទីតាំងល្បែងអនឡាញចំនួន៤សង្កាត់ដែលជាទីប្រជុំជន ក្នុងនោះមានសង្កាត់អូរអំបិល,ព្រះពន្លា,កំពង់ស្វាយ និងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលតាមរបាយការណ៍មានទីតាំងចំនួន ២៣ទីតាំងដែលដំណើរការទៅលើល្បែងអនឡាញនេះ។ក្នុងនោះដែរសមត្ថកិច្ចយើងបានរកឃើញទីតាំងអនឡាញឡូតូ ចំនួន២កន្លែង នៅសង្កាត់អូអំបិល១កន្លែង និងសង្កាត់ព្រះពន្លា១កន្លែង ដែលមិនប្រក្រតី ផុតកំណត់អាជ្ញាប័ណ្ណ និងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ដំណើរការ។


លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានណែនាំដល់ក្មេងៗទាំងអស់ថា៖ ក្នុងនាមប្អូនជាសិស្សសាលាត្រូវតែបំពេញកាតព្វកិច្ចសិក្សាមិនអាចយកពេលវេលានេះមកប្រព្រឹត្តនៅល្បែងអបាយមុខបានឡើយ។ ក្រោយពីធ្វើការអប់រំណែនាំដល់ក្មេងៗរួចធ្វើកិច្ចសន្យាទៅលើម្ចាស់ទីតាំងអនឡាញឲ្យបញ្ឈប់នៅសកម្មភាពបើកលេងល្បែងស៊ីសងខុសច្បាប់បន្តទៅទៀត៕

























Powered by Blogger.