កាសែតភ្នំពេញប៉ុស្តិ៍ ប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយ ចុងខែមីនានេះ ទាំងភាសាខ្មែរ និងអង់គ្លេស ដោយសារបញ្ហាហិរញ្ញវត្ថុ

 រាជធានីភ្នំពេញ ៖ កាសែតភ្នំពេញប៉ុស្តិ៍ ប្រកាសអំពីការបញ្ឈប់ការបោះពុម្ពផ្សាយ កាសែត ទាំងភាសាខ្មែរ និងភាសាអង់គ្លេស របស់ខ្លួនត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ដោយសារការធ្លាក់ចុះ នៃចំណូលពាណិជ្ជកម្ម ក្រោយវិបត្តិជំងឺកូវីដ-១៩ ។

យោងតាមសេចក្តីជូនដំណឹងរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចុះនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា តាំងពីមានវិបត្តិជំងឺកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិ ថមថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្ម ដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័ស នៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ។


សេចក្តីជូនដំណឹងរបស់ភ្នំពេញប៉ុស្តិ៍ បន្តថា ម្ចាស់ភាគហ៊ុនបានខិតខំបណ្តាក់ទុនបន្ថែម និងរកគ្រប់មធ្យោបាយដើម្បីស្ដារស្ថានភាព និងបង្កើនប្រាក់ចំណូល សម្រាប់ទ្រទ្រង់ដំណើរការក្រុមហ៊ុន និងបន្តការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលជាសារព័ត៌មានឯករាជ្យ វិជ្ជាជីវៈ និងមានអាយុកាលជាង ៣០ឆ្នាំ ប៉ុន្តែនៅតែមិនអាចទ្រទ្រង់ការខាតបង់បន្តទៀតបាន ។

ភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់ថា ហេតុនេះ ម្ចាស់ភាគហ៊ុនបានសម្រេចដោយសេចក្តីសោកស្តាយ បញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តែម្តង ៕

Powered by Blogger.