ជំនួបរវាងអ្នកសារព័ត៌មានជាមួយប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧នេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤

 ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា ជំនួបរវាងអ្នកសារព័ត៌មានជាមួយប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបែប នេះ នៅក្នុងឱកាសនៃកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ បុណ្យអុំទូក បុណ្យឯករាជ្យជាតិ និងសហការផ្សព្វផ្សាយ ប្រឆាំងព័ត៌មានក្លែងក្លាយ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និង ភូមិ ឃុំ មានសុវត្ថិភាព និងជួយដោះស្រាយការលំបាករបស់ប្រពន្ធ័ ផ្សព្វផ្សាយ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួងព័ត៌មាន។

    នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្ដម នេត្រ ភក្រ្ដា បានជម្រាបជូនថា ការជួបជុំរវាង អ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល លើកក្រោយនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នាក្នុងទិវាសេរីភាព សារព័ត៌មានពិភពលោក។

    ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ។ ក្រសួងព័ត៌មាននឹងរៀបចំជំនួបនេះ ហើយក៏នឹងប្រមូលនូវបញ្ហា និងកង្វល់ទាំងអស់ ដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើង ដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយ ដើម្បីដាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្ដីពិនិត្យ និងដោះស្រាយ។
     ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ដែរថា ចាប់ពីពេលនេះ រហូតដល់ពេលជំនួបរវាងអ្នកសារព័ត៌មានជាមួយប្រមុខរាជរដ្ឋាភិបាល គឺក្រសួងព័ត៌មាន នឹងធ្វើបច្ចុប្បន្នភាពអ្នកសារព័ត៌មាន ដែលស្របច្បាប់ និងអ្នកមានអាជ្ញាបណ្ណស្របច្បាប់ត្រឹមត្រូវ គឺអាចចុះឈ្មោះចូលរួមក្នុងកម្មវិធីជំនួបនោះបាន។ ប៉ុន្ដែសម្រាប់អ្នកសារព័ត៌មាន ដែលមិនទាន់មានអាជ្ញាបណ្ណ ត្រូវមកចុះបញ្ជីឱ្យបានត្រឹមត្រូវតាមច្បាប់នៅ ក្រសួងព័ត៌មាន។
   គួររំលឹកថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែមករា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យរៀបចំកម្មវីធីជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្ដី ដើម្បីផ្ដល់ឱកាសដល់ អ្នកសារព័ត៌មានអាចជជែកពិភាក្សា ការលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយ ដោះស្រាយ។ ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ផងដែរ។ គិតចាប់តាំងពីឆ្នាំ ២០១៧ រហូតមកដល់ឆ្នាំ២០២៣នេះ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយ នាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន ៥លើក រួចមកហើយ ប៉ុន្តែត្រូវខកខានធ្វើនៅឆ្នាំ ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ៕
Powered by Blogger.