និទណ្ឌភាពចំពោះបទឧក្រិដ្ឋលើអ្នកសារព័ត៌មាននៅកម្ពុជានៅតែបន្ដប្រឈមនឹងក្ដីបារម្ភឬយ៉ាងណា?
តំណាងសមាគមអ្នកសារព័ត៌មានចំនួនពីរ បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការបញ្ចប់និទណ្ឌភាពចំពោះបទឧក្រិដ្ឋទាំងឡាយលើអ្នកសារព័ត៌មាននៅកម្ពុជា ដោយបានកត់សម្គាល់អំពីភាពវិជ្ជមាន។ យ៉ាងណា ទន្ទឹមនឹងការលើកឡើងពីភាពវិជ្ជមាន តំណាងសមាគមអ្នកសារព័ត៌មាន ក៏បានទទូចឱ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសរាជរដ្ឋាភិបាលឈានទៅបញ្ចប់ការប្រើប្រាស់កម្លាំងទៅលើអ្នកសារព័ត៌មាន ដើម្បីកុំឱ្យសកម្មភាពហិង្សាទាំងនោះបង្កទៅជារូបភាពអវិជ្ជមានរបស់កម្ពុជានៅក្នុងសង្គម ព្រមទាំងលើឆាកអន្តរជាតិ។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា បានលើកឡើងថា ទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ជាទិវាដែលត្រូវបានរៀបចំឡើងដើម្បីដាស់តឿនក្រើនរម្លឹកទៅដល់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធនៅក្នុងពិភពលោក ឱ្យបានដឹងអំពីបញ្ហាប្រឈមដែលកើតឡើងលើអ្នកសារព័ត៌មាន ជាពិសេសរឿងទាក់ទងនឹងការធ្វើទុក្ខបុកម្នេញ និងការវាយដំលើអ្នកសារព័ត៌មានជាដើម។
ចំណែក លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)បានលើកឡើងថា ក្នុងនាមលោកស្រីជាអ្នកធ្វើការលើការការពារ និងលើកកម្ពស់ដល់អ្នកសារព័ត៌មាននៅកម្ពុជា លោកស្រីកត់សម្គាល់ឃើញថា កន្លងមកអ្នកសារព័ត៌មានមួយចំនួននៅតែជួបបញ្ហាយាយី ការបៀតបៀនតាមផ្លូវតុលាការ និងគំរាមកំហែងផ្សេងៗ និងមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។
លោកស្រីទទូចស្នើសុំដល់គ្រប់ភាគីនៅក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គួរតែបើកចិត្តទូលាយដល់អ្នកសារព័ត៌មានពីគ្រប់និន្នាការ បានន័យថា រដ្ឋាភិបាលគួរតែបើកឱកាសឱ្យអ្នកសារព័ត៌មានដែលហ៊ានរាយការណ៍អំពីបញ្ហា ឬព័ត៌មានរសើបៗ ដោយឈរទៅលើក្រមសីលធម៌ វិជ្ជាជីវៈដូចទៅនឹងអ្នកសារព័ត៌មានផ្សេងៗទៀតដែរ។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) បង្ហាញក្ដីសង្ឃឹមថា ទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននឹងធ្វើឱ្យថ្នាក់ដឹកនាំចាប់ផ្ដើមពិចារណា និងពិនិត្យមើលឡើងវិញ ជាពិសេសលោកស្រីថា ចំពោះអ្នកស្លាប់ និងគ្រួសាររបស់ពួកគេ។ មិនតែប៉ុណ្ណោះ ក៏ជាការលើកកម្ពស់ដល់អ្នកសារព័ត៌មានវ័យក្មេង ឬអ្នកផ្សេងៗទៀត ដែលមានបំណងក្លាយខ្លួនទៅជាអ្នកសារព័ត៌មាន ឱ្យពួកគេមានអារម្មណ៍មានសុវត្ថិភាពសម្រាប់អាជីពរបស់ខ្លួន។
ជុំវិញករណីនេះ កញ្ញា ឆន ណាវី អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងថា យន្តការក្នុងការដោះស្រាយ ក៏ដូចជាការគាំទ្រដល់អ្នកសារព័ត៌មាន គឺក្រសួងព័ត៌មាន មានតាំងពីដើមមកម្ល៉េះ ដោយក្រសួងរៀបចំឱ្យមានគណៈកម្មការទទួលនូវការតវ៉ា ឬបណ្ដឹងសុំធ្វើអន្តរាគមន៍នានា អំឡុងពេលអ្នកសារព័ត៌មានជួបប្រទះនៅពេលចុះទៅបំពេញវិជ្ជាជីវៈ។
ថ្លែងក្នុងកិច្ចពិភាក្សាពហុភាគីលើការអនុវត្ដស្ដង់ដារសិទ្ធិមនុស្សអន្ដរជាតិស្ដីពី សេរីភាពសារព័ត៌មាន រៀបចំឡើងដោយអង្គការយូណេស្កូនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ដដែល បានឱ្យដឹងថា ក្រសួងព័ត៌មានបានបង្កើតនូវគណៈកម្មការដោះស្រាយវិវាទសារព័ត៌មាន និងគណៈកម្មការតាមដានត្រួតពិនិត្យវាយតម្លៃអនុវត្តក្រមសីលធម៌អ្នកសារព័ត៌មាន ក្នុងការលើកកម្ពស់និងតម្រស់ទិសអ្នកសារព័ត៌មានដែលកំពុងតែអនុវត្តអាជីព។ ក្រៅពីនេះ ក៏មានក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ទទួលការពាររឿងក្ដី និងវិវាទរបស់អ្នកសារព័ត៌មានដែលកើតឡើងក្នុងពេលបំពេញវិជ្ជាជីវៈដោយឥតគិតថ្លៃ ក៏ប៉ុន្តែការការពាររបស់ក្រុមមេធាវីស្ម័គ្រចិត្ត គឺការពារតែទៅលើវិវាទដែលកើតឡើងដោយការប្រកបវិជ្ជាជីវៈស្របច្បាប់ប៉ុណ្ណោះ។ ដោយឡែក ចំពោះអ្នកសារព័ត៌មានដែលប្រព្រឹត្តអំពើទុច្ចរិត ក្រសួងទាមទារការពិនិត្យពិចារណា។
កញ្ញា ឆន ណាវី គូសបញ្ជាក់ថា កន្លងមក ក្រសួងព័ត៌មានបានដោះស្រាយវិវាទអ្នកសារព័ត៌មានច្រើន ប៉ុន្តែក្រសួងមិនបានផ្សព្វផ្សាយជាសាធារណៈទេ ក្រោមហេតុផលដើម្បីគោរពសិទ្ធិនិងការពារសេចក្ដីថ្លែថ្នូររបស់អ្នកសារព័ត៌មាន និងអ្នកដែលប្ដឹងតវ៉ាទៅក្រសួង។ ជាក់ស្ដែង ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ ក្រសួងព័ត៌មានទទួលបានបណ្ដឹងតវ៉ាជាច្រើន តែក្រសួងបានព្យាយាមប្រើយន្តការដោះស្រាយដោយសន្តិវិធី ដែលអាចឱ្យភាគីទាំងសងខាងទទួលយកបាន។
គួរបញ្ជាក់ថា ក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អង្គការសង្គមស៊ីវិលចំនួន២០ បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យចាត់វិធានការឱ្យបានឆាប់រហ័ស និងជាក់លាក់ ដើម្បីធានានូវការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លភាព ទៅលើឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួមដដែល សង្គមស៊ីវិលទាំង២០ បានអះអាងថា ចាប់តាំងពីឆ្នាំ១៩៩៤មក យ៉ាងហោចណាស់អ្នកសារព័ត៌មានចំនួន១៥នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមនោះ អ្នកសារព័ត៌មាន១២នាក់ បានរាយការណ៍អំពីបញ្ហារសើបនៅពេលពួកគេត្រូវបានសម្លាប់។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានជនល្មើសណាម្នាក់ត្រូវបាននាំមកផ្ដន្ទាទោសចំពោះករណីទាំងអស់នេះទេ។
បើតាមរបាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មាន(ខេមបូចា)បញ្ជាក់ថា អ្នកសារព័ត៌មានចំនួន៣០នាក់ រងការយាយីក្នុងរយៈពេល១០ខែចុងក្រោយនេះ(រាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៣)។ ក្នុងចំណោមអ្នកសារព័ត៌មានទាំង៣០នាក់នេះ ២៣នាក់ទទួលរងអំពើហិង្សា និងការគំរាមកំហែង ៤នាក់ប្រឈមនឹងការយាយីតាមផ្លូវតុលាការ ២នាក់ត្រូវបានឃាត់ខ្លួនដើម្បីសួរចម្លើយ។ បន្ថែមពីនេះ អាជ្ញាបណ្ណសារព័ត៌មានចំនួន៥ ត្រូវបានដកហូត។ ជាលទ្ធផល អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានចាត់ថ្នាក់ប្រទេសកម្ពុជានៅលេខ១៤៧ ក្នុងចំណោម១៨០ប្រទេសនៅក្នុងឆ្នាំ២០២៣ ដូច្នេះប្រទេសកម្ពុជាបានធ្លាក់៥លេខ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។
សង្គមស៊ីវិលសរុបទាំង២០ បានអំពាវនាវដល់រដ្ឋាភិបាលឱ្យស៊ើបអង្កេតដោយឯករាជ្យទៅលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស និងទាមទារឱ្យការស៊ើបអង្កេតទាំងនេះត្រូវតែប្រព្រឹត្តទៅដោយឆាប់រហ័ស និងស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែលរួមបញ្ចូលទាំងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ផែនការសកម្មភាពនៃអង្គការសហប្រជាជាតិស្ដីពីសុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងបញ្ហានិទណ្ឌភាព និងគោលការណ៍សម្រាប់ការពារ និងលើកកម្ពស់សិទ្ធិមនុស្សតាមរយៈសកម្មភាពប្រឆាំងនិទណ្ឌភាព ដែលក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិបានធ្វើបច្ចុប្បន្នភាព៕
Post a Comment