លោក លី សារី អញ្ជើញចូលរួមរាប់បាត្រឆ្លងវេនកាន់បិណ្ឌទី៧ នៅវត្តគិរីធម្មបទខ្លាកូនថ្មី

 

(បន្ទាយមានជ័យ) ព្រឹកថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ លោក លី សារី អភិបាលរងខេត្ត​ និងជាអនុប្រធានអចិន្ត្រៃ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តតំណាងអោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោក គង់ ដារ៉ា សមាជិកគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ លោក នួន សុីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមរាប់បាត្រ វេរភត្ត គ្រឿងសក្ការៈ បរិក្ខារទាំងឡាយ ថ្វាយព្រះសម្មាសម្ពុទ្ធ ប្រគេនជូនព្រះសង្ឃ និងឧទ្ទិសមហាកុសលដល់បុព្វការីជន និងញាតិទាំងឡាយក្នុងសង្សាវដ្ត ឆ្លងវេនកាន់បិណ្ឌទី៧ ឈានចូលវេនទី៨ នៅវត្តគិរីធម្មបទខ្លាកូនថ្មី ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសបុណ្យកាន់បិណ្ឌនោះលោក លី សារី បានមានប្រសាសន៍ថា៖ ពេលវេលានៃរដូវបុណ្យភ្ជុំកាន់បិណ្ឌដែលជាបុណ្យប្រពៃណីដ៏ធំមួយក្នុងចំណោមបុណ្យប្រពៃណីផ្សេងផ្សេងទៀតរបស់ប្រជាជនកម្ពុជា ដែលជាអ្នកជឿជាក់លើព្រះពុទ្ធសាសនា។ បច្ចុប្បន្នបុណ្យនេះគឺមានលក្ខណៈជាបុណ្យគោរពវិញ្ញាណ របស់បុព្វបុរសខ្មែរយើង ដេីម្បីបុណ្យឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធញាតិការទាំងប្រាំពីរសន្ដាន  មានជីដូនជីតា សាច់ញាតិសន្ដានដែលបានធ្វើមរណកាលអាចមកទទួលយកនូវកុសលផលបុណ្យដែលកូនចៅបានធ្វើនិងឧទ្ទិសជូន។

លោក លី សារី បានមានប្រសាសន៍បន្តថា៖យើងទាំងអស់គ្នាកំពុង សប្បាយរីករាយក្នុងការចូលរួមធ្វើពិធីបុណ្យនិងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងឡាយដែលបានចែកឋានទៅកាន់បរលោកដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូច្នេះហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទព្រមជាមួយនឹងព្រះសង្ឃត្រូវរួមគ្នាការពារនូវសុខសន្តិភាពឲ្យបានស្ថិតស្ថេរគង់វង្ស។

លោក លី សារី និងក្រុមការងារបាននាំយកនូវបរិក្ខារ ទេយ្យទានរួមជាមួយនឹងអង្ករ១០០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ៥យួរ ទឹកក្រូចដប់៣កេសធំ  ទឹកផ្លែឈើ៣កេស ទឹកសុទ្ធវីតាល់៣កេស និងថវិកាចំនួនបួនលានរៀល ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ត គិរីធម្មបទខ្លាកូនថ្មី៕





















Powered by Blogger.