ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារក្រុង កាយស្តារប្រលាយបញ្ចៀសការស្ទះទឹកបណ្ដាលឱ្យជន់លិចក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះពិនិត្យមើលប្រឡាយទឹក នាំយកអេស្ការវ៉ាទ័រ កាយបេីកមុខទឹកតាមប្រឡាយ លូ រំដោះទឹកចេញមកក្រៅក្រុង បញ្ចៀសការស្ទះទឹក ដោយសារទឹកភ្លៀង។ ដោយសារតែកាលពីថ្ងៃទី១០-១១ ខែឧសភា ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យក្រុងប៉ោយប៉ែត ស្ទះប្រព័ន្ធលូទឹក បណ្ដាលឱ្យមានការជន់លិចលេីផ្លូវធ្វេីដំណេីរ និងផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំក្រុមការងារក្រុង និងមូនដ្ឋានសង្កាត់ពាក់ព័ន្ធ ប្រជុំរកដំណោះស្រាយ ដោយបានជំរុញទៅដល់គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត សំដៅធ្វើយ៉ាងណារកវិធីសាស្ត្រក្នុងការបញ្ចៀសទឹក កុំឱ្យមានការជន់លិចនៅពេលមានភ្លៀង នារដូវវស្សា និងត្រូវធ្វេីការស្តារប្រឡាយ ប្រព័ន្ធ លូ ដេីម្បីបេីកមុខទឹក ឱ្យបានធំ សម្រួលដល់ចរន្តទឹក ហូរបានលឿន នាពេលមានភ្លៀងធ្លាក់ បញ្ចៀសការជន់លិចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
ជាដំណោះស្រាយ ក្នុងការបញ្ចៀសបញ្ហាជន់លិច ដោយសារទឹកភ្លៀងក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត អាជ្ញាធរខេត្ត ក្រុង នឹងសង្កាត់ពាក់ព័ន្ធ បានរៀបចំប្រព័ន្ធលូរំដោះទឹកបន្ទាន់ ចំនួន៣ខ្សែ។ ដោយខ្សែរទី១ ចាប់ពីចំណុចផ្លូវអង់តែន០១៦ សាលាព្រហ្មនិមិត្ត ឆ្ពោះមកផ្លូវជាតិលេខ៥ ខ្សែរទី២ ផ្លូវផ្សារត្រី ឆ្ពោះមកផ្លូវជាតិលេខ៥ ទល់មុខសុធារ៉ាប្តូប្រាក់ ខ្សែរទី៣ ផ្លូវវត្តថ្មី ឆ្ពោះមកផ្លូវជាតិលេខ៥។
ជាមួយគ្នានោះលោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត អំពាវនាវដល់បងប្អូនដែលលំនៅដ្ឋាន តាមផ្លូវទាំង៣ខ្សែរ ចូលរួមសហការ ជាមួយអាជ្ញាធរក្រុង និងសង្កាត់ ដើម្បីសម្រួលដល់ក្រុមការងារក្នុងកាយរៀបចំប្រព័ន្ធលូ រំដោះទឹកបានលឿន បញ្ចៀសការជន់លិចដោយសារទឹកជំនន់ទឹកភ្លៀងនារដូវភ្លៀង៕
Post a Comment