ករណីធ្លាក់ដែកពីលើមេឃនោះ ក្នុងសង្កាត់ចោមចៅទី៣ គឺជាករណីផ្ទុះស្ថានីយ៍ស្ដុកប្រេងរបស់ ឧកញ៉ា ឡុង ហួ
ភ្នំពេញ ៖ ដឹងប្រភពច្បាស់ហើយ ដែក៣ដុំ ដែលធ្លាក់បុកទម្លុះដំបូល និងបេតុងប្លង់សេផ្ទះប្រជាពលរដ្ឋ ខូចខាតអស់០៣ខ្នង ក្នុងសង្កាត់ចោមចៅទី៣ នៅខណ្ឌពោធិ៍សែនជ័យ គឺជាករណីផ្ទុះម៉ូទ័រចេញពីទីតាំងស្ដុកប្រេងរបស់ឧកញ៉ា ឡុង ហួ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ករណីធ្លាក់ដែកពីលើមេឃនោះ គឺជាករណីផ្ទុះស្ថានីយ៍ស្ដុកប្រេងរបស់ឧកញ៉ា ឡុង ហួ ។ បន្ទាប់ពីកើតហេតុ ម្ចាស់ទីតាំងស្ដុកប្រេងរបស់ឧកញ៉ា ឡុង ហួ បានសងសំណងទៅកាន់ភាគីជនរងគ្រោះ ដើម្បីបញ្ចប់រឿង ដោយមានការសម្របសម្រួលពីអាជ្ញាធរ និងសមត្ថកិច្ច ផងដែរ ។
ដែកចំនួន ៣ដុំធំៗ ដែលដុំខ្លះ មានប្រវែងដល់ទៅជិត១ម៉ែត្រ ហើយក្នុង១ដុំៗ មានទម្ងន់រាប់សិបគីឡូក្រាមពុំដឹងថា ជាបំណែក នៃការផ្ទុះវត្ថុអ្វីមួយនៅក្នុងឃ្លាំងស្តុកទំនិញ ឬក៏ទីតាំងណាមួយនោះទេ បានហោះទៅធ្លាក់បុកទម្លុះដំបូលនិងបេតុងប្លង់សេផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតចំនួន៣ខ្នង ។ ចំណែក សំឡេងដុំដែកធ្លាក់នោះ លាន់សូរដូចគ្រាប់ផ្លោងញ័ររញ្ជួយ ហើយបណ្ដាលឲ្យកម្មការិនីរោងចក្រម្នាក់ រងរបួសជើងស្រាល ព្រមទាំងបង្កការខូចខាតអីវាន់មួយចំនួន ថែមទៀតផង នេះបើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ។
ហេតុការណ៍នោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៥៥នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋនៅទីតាំងកើតហេតុនោះ បានប្រាប់ឲ្យដឹងថា ផ្ទះរងគ្រោះទី១ ម្ចាស់ផ្ទះមានឈ្មោះ ញ៉ែម ម៉ាច ភេទស្រី អាយុ៣៧ឆ្នាំ រងការខូចខាតធ្លុះធ្លាយដំបូល និងធ្លុះធ្លាយបេតុងប្លង់សេ ខូចខាតទ្វារដែក១ផ្ទាំង ព្រមទាំងបណ្ដាលឲ្យកម្មការិនីរោងចក្រម្នាក់របួសស្រាល ។ កម្មការិនីរងគ្រោះ ឈ្មោះ វ៉ាត ហឿប អាយុ៣៦ឆ្នាំ ស្នាក់នៅបន្ទប់លេខ៣ ជាន់ទី៣ ផ្ទះជួលកើតហេតុខាងលើ ។ ចំណែកផ្ទះទី២ មានម្ចាស់ឈ្មោះ នន់ ណី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់អីវាន់ចាបហួយ ផ្ទះរបស់គាត់រងការខូចខាតក្រពឹតទ្វារ និងខូចខាតអីវាន់ចាបហួយមួយចំនួនផងដែរ។ រីឯផ្ទះទី៣ មានម្ចាស់ឈ្មោះ សន ឬទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ហើយផ្ទះរបស់គាត់បានរងការខូចខាតដំបូល និងជញ្ជាំង ។
ប្រជាពលរដ្ឋដដែល បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅមុនពេលកើតហេតុ ពួកគាត់មិនបានចាប់អារម្មណ៍ ឬបានឮស្នូរផ្ទុះអ្វីមួយនៅតំបន់នោះទេ ហើយខណៈ ដែលអ្នកខ្លះកំពុងស្ថិតនៅក្នុងផ្ទះ និងខ្លះទៀតកំពុងធ្វើការលក់ដូររកស៊ីសុខៗ ស្រាប់តែឮសំឡេងហោះដូចមីស៊ីលនៅលើអាកាស។ បន្ទាប់មកក៏ឮស្នូរធ្លាក់លើផ្ទះលាន់សូរក្ឌាំងញ័រញ្ជួយ គួរឲ្យភ័យខ្លាច ហើយក្រោយពេលស្ងាត់ស្នូរ ពួកគាត់នាំគ្នាទៅមើលបានឃើញដំបូលផ្ទះ និងបេតុងប្លង់សេ ត្រូវរងការធ្លុះធ្លាយដោយការបុកទម្លុះពីដុំដែកធំៗ ហើយក៏បានបណ្ដាលឲ្យខូចខាតអីវ៉ាន់ និងរងរបួសកម្មការិនីម្នាក់ទៀតផង ។
ប្រជាពលរដ្ឋខាងលើ បានរៀបរាប់ប្រាប់ទៀតថា ដុំដែកអាថ៌កំបាំងទាំងនោះ ដុំខ្លះមានប្រវែងជិត១ម៉ែត្រ ក៏មានដែរ ហើយក្នុង១ដុំៗ ទម្ងន់រាប់សិបគីឡូក្រាម ប៉ុន្តែពួកគាត់ពុំបានដឹងថា វាគឺជាបំណែក នៃការផ្ទុះវត្ថុអ្វីមួយ ហើយហោះមកពីទីណានោះទេ។ ប៉ុន្តែពួកគាត់មានការសង្ស័យថា វាជាបណែក ដែលផ្ទុះវត្ថុអ្វីម្យ៉ាងនៅក្នុងឃ្លាំងណាមួយ ដែលស្ថិតនៅជិតតំបន់កើតហេតុនោះ ពេលនេះពួកគាត់ក៏ស្នើរសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយធ្វើការស្រាវជ្រាវរកប្រភពដុំដែកនោះ ហើយឲ្យម្ចាស់ចេញមកទទួលខុសត្រូវជាមួយពួកគាត់ផង ៕
Post a Comment