មនុស្ស ២នាក់ស្លាប់ ៤ នាក់បាត់ខ្លួន ខណៈព្យុះយ៉ាហ្ស៊ីបង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅឯភាគខាងជើងប្រទេសថៃ




 ថៃ៖ ឥទ្ធិពលរបស់ព្យុះទីហ្វុងយ៉ាហ្ស៊ី (Yagi) បានបង្កឱ្យមានភ្លៀងបង្អុរធ្លាក់ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា ដោយនាំឱ្យមានការជន់លិចភូមិមួយចំនួន ស្ថិតនៅក្នុងស្រុកមេសៃ (Mae Sai) ខេត្តឆៀងរ៉ៃ (Chiang Rai) និងបណ្តាលឱ្យមានអ្នកស្លាប់ ២ នាក់ ហើយអ្នករបួសម្នាក់ដែលបាក់ជើងទទួលបានការជួយសង្គ្រោះ ខណៈមនុស្ស ៤ នាក់ទៀតកំពុងបាត់ខ្លួន ។

ប្រជាពលរដ្ឋរងផលប៉ះពាល់ជាច្រើននាក់ បានបង្ហោះវីដេអូនៅលើប្រព័ន្ធបណ្ដាញសង្គម ដោយអំពាវនាវស្វែងរកជំនួយ ហើយអ្នកស្រុកឯទៀត ព្យាយាមគេចពីទឹកដែលកំពុងតែកើនឡើង ខណៈអ្នកស្រុកខ្លះ ក៏បានរាយការណ៍ថាមានមនុស្សចាស់ កុមារ និងសត្វចិញ្ចឹម កំពុងជាប់គាំងនៅក្នុងផ្ទះ ។

តំបន់ផ្សារ សេសៃឡមចយ (Thee Sai Lom Choi) ស្ថិតនៅក្បែរស្ពានទន្លេសៃ (Sai River) ប្រឈមការជន់លិចយ៉ាងធ្ងន់ធ្ងរ ដោយកម្រិតទឹកលិចក្នុងតំបន់មានកម្ពស់លើសពី ១ ម៉ែត្រ ។ ទាំងអ្នកស្រុក និងអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ទឹកជំនន់លើកនេះ មានសភាពធ្ងន់ធ្ងរជាងលើកមុន ហើយតូបលក់ដូរប្រហែល ២០០ តូបនៅក្នុងផ្សារ រងការជន់លិចលើសពី ៥ ដងទៅហើយ នៅឆ្នាំនេះ ។

ជុំវិញផលប៉ះពាល់នាពេលនេះ មន្ត្រីរដ្ឋបាលមូលដ្ឋាន មន្ត្រីយោធា និងស្ថាប័នពាក់ព័ន្ធបាន រូតរះម្នីម្នាចុះជួយសង្គ្រោះប្រជាពលរដ្ឋកំពុងរងគ្រោះ ខណៈក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅជួយអ្នកដែលជាប់គាំងក្នុងផ្ទះកំពុងលិចទឹក ដោយអ្នកជួយសង្គ្រោះមួយចំនួនបានសម្តែងក្តីភ្ញាក់ផ្អើល ចំពោះល្បឿន និងកម្ពស់ទឹកជំនន់ដែលកំពុងតែហក់ឡើងយ៉ាងឆាប់រហ័ស ៕ដោយ សេន​សាវី







Powered by Blogger.