នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ជាពិសេសដើម្បីទទួលស្វាគមន៍ទេវធីតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ដែលព្រះនាងនឹងយាងចុះមកនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:២៤ នាទី។
ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល នាឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ។
កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាប្រទីប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ ដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបាននិមន្តព្រះសង្ឃចំនួន ៥ព្រះអង្គ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ចម្រើនសិរីសួស្ដី។
ក្នុងឱកាសដ៏នក្ខត្តឫក្សនោះ ឯកឧត្តមរដ្ឋមន្ដ្រី ព្រមទាំងថ្នាក់ដឹកនាំ តាងនាមមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួង បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើត មានចំពោះមហាគ្រួសារក្រសួងអភិវឌ្ឍន៍ជនបទទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ចាប់តាំងពីឆ្នាំថ្មីចូលមកដល់ និងជានិច្ចនិរន្តរ៍តរៀងទៅ៕
Post a Comment