តុលាការផ្ដន្ទាទោសជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំ ពីបទរក្សាទុក ដឹកជញ្ជូនគ្រឿងញៀន
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្ដន្ទាទោសលើបុរសជនជាតិចិនម្នាក់ឈ្មោះ ចូវ គ័រឆាវ ភេទប្រុស អាយុ៦០ឆ្នាំ ដាក់ពន្ធនាគារចំនួន ៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨០លានរៀល បង់ចូលថវិការដ្ឋ ពីបទរក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាប់ចោទរូបនេះ នៅផ្ទះលេខ៣៧ ផ្លូវលេខ២២ ភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័នឹងករណីកែច្នៃ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសារធាតុគីមីផ្សំជាង ១០០គីឡូក្រាម។
សមត្ថកិច្ចដកវត្ថុតាង សារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន ICE ទម្ងន់ ៤គីឡូក្រាម និង៦៨៤ក្រាម, សារធាតុគីមីផ្សំ (Acetone) ទម្ងន់ ៣គីឡូក្រាម, សារធាតុគីមី(Ethanol)ទម្ងន់ ៤០គីឡូក្រាម, សារធាតុមិនច្បាស់ទម្ងន់ ៥៣គីឡូក្រាម និង៤២៨ក្រាម, ជញ្ជីងតូចធំចំនួន ៥គ្រឿង និងឧបករណ៍សម្រាប់វេចខ្ចប់កែច្នៃគ្រឿងញៀនមួយចំនួនទៀត៕
Post a Comment