កម្មករកម្មការិនីរោងចក្រ ៥នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុករំដួល ខណៈជនសង្ស័យរត់គេចបាត់ស្រមោល
ស្វាយរៀង៖ មនុស្សប្រុសស្រីចំនួន៥នាក់ដែលជាកម្មករកម្មការិនីរោងចក្ររងរបួសធ្ងន់ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តLexus470បុកពីក្រោយរថយន្តសាំងយ៉ុងពេញទំហឹងបណ្តាលឲ្យមានអ្នករងរបួសចំនួន៥នាក់ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ជួយហៅរថយន្តសាមុយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង១០នាទីយប់ថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៤ស្ថិតនៅលើផ្លូវជាតិលេខ១៣ចន្លោះគីឡូម៉ែត្រ១៩និង២០ក្នុងភូមិ ក្រូច ឃុំ ជ្រុងពពេល ស្រុក រំដួល ខេត្តស្វាយរៀង។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ2AR -8231គ្រឿងធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង។
ប្រភពបានបន្តទៀតថាលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តLexus470 ពណ៌ ខ្មៅ ពាក់ស្លាក លេខភ្នំពេញ2L.5257អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរយ៉ាងលឿនស្របទិសគ្នាក៏មកបុកពីក្រោយរថយន្តសាំយ៉ុងដឹកកម្មករកម្មការិនីបណ្ដាលឱ្យមានកម្មករកម្មការិនីរោងចក្រជិះលើរថយន្តរងរបួសធ្ងន់ចំនួន០៥នាក់តែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាអ្នកបើកបររថយន្តសាំយ៉ុងពណ៌ ស ស្លាកលេខភ្នំពេញ2AR-8231 មានឈ្មោះ ពៅ កែន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករកម្មការិនីរោងចក្រ រស់នៅភូមិ ត្រពាំងស្គន់ ឃុំ ត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀងចំណែករថយន្តLexus470ពាក់ស្លាក លេខភ្នំពេញ2L.5257អ្នកបើកបរអត់ស្គាល់អត្តសញ្ញាណនោះទេក្រោយពីកើតហេតុអ្នកបើកបរ470បានបើករថយន្តគេចចេញពីកន្លែងកើតហេតុរហូតដល់ចំណុចភូមិ តាកុត ឃុំ ត្រពាំងស្តៅ ស្រុក រមាសហែក ខេត្តស្វាយរៀងបានទុករថយន្តចោលនិងរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យខេត្តស្វាយរៀង រីឯរថយន្តទាំង២គ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕
Post a Comment