ជនជាតិវៀតណាម មានសមត្តភាពសំណង់ផ្ទះ នៅលើទឹកដីខ្មែរហើយ តើលោកអភិបាលខេត្ត យល់យ៉ាងណា? វគ្គ១

 


ខេត្តកំពង់ឆ្នាំង៖ សំណង់រឹងមួយកន្លែងស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានម្ចាស់ផ្ទះឈ្មោះ ប៊ុយ យ៉ាំងប៊ែរ ជាជនជាតិវៀតណាម កំពុងដំណើរការសាងសង់បានប្រមាណជា៧០ភាគរយនោះ តើអ្នកណាជាអ្នកអនុញ្ញាតច្បាប់។

បើយោងតាមការបញ្ជាក់ពីលោកផុន សីហា អភិបាលរងស្រុករលាប្អៀរ ក្រោយពីទទួលបានណែនាំពីលោកអភិបាលស្រុក ក្រុមការងារស្រុក បានចុះសហការជាមួយអាជ្ញាធរមូល ដ្ឋានបានពិនិត្យ និងជួបម្ចាស់សំណង់ជាក់ស្តែង លោក នូ ខៀន មេឃុំស្រែថ្មី បញ្ជាក់ឲ្យដឹងថាកន្លងមកជាយូរឆ្នាំ ទីតាំងខាងលើនេះជាផ្ទះចាស់សាងសង់ពុំមានច្បាប់ទំលាប់អីទេ ព្រោះដីនោះលោកប៊ែរ បានទិញពីខ្មោចពូយឿន មេភូមិចាស់ ក្រោយមកឃើញមានការកែប្រែសាងសង់សំណង់ចេញរូបរាងជាផ្ទះថ្មី ប៉ុន្តែម្ចាស់សំណង់ខាងលើមិនបានជម្រាបមកអាជ្ញាធរឃុំឲ្យបានដឹង ពាក់ព័ន្ធក្នុងការសាងសង់នេះទេប្រហែលជាគេទាក់ទងទៅខាងស្រុក។

បុរសឈ្មោះ តាំ ជាកូនប្រុសរបស់ម្ចាស់ផ្ទះឈ្មោះ ប៊ុយ យ៉ាំងប៊ែរ ក៏បានឲ្យដឹងតាមទូរស័ព្ទដែរថា៖ ផ្ទះនេះជាផ្ទះចាស់មានអាយុកាលជាង១០ឆ្នាំហើយ គ្រាន់តែកែប្រែធ្វើ តាមលំនាំផ្ទះចាស់ ដោយសារដំបូលឈើមានការពុកផុយ និងប្តូរដាក់ដែកវិញ ហើយលោកបានជម្រាបទៅអាជ្ញាធរឃុំរួចហើយដែរ។

 លោកតាំបានបន្តថា រូបលោកខាននៅផ្ទះនេះជាង១ឆ្នាំហើយ ពាក់ព័ន្ធរឿងច្បាប់ទម្លាប់អី លោកមិនបានដឹងនោះទេ ចង់ដឹងសូមសួរទៅ ខាងមន្ទីរពាក់ព័ន្ធចុះ។

សាធារណៈជនដែលតែងតែឆ្លងកាត់ផ្ទះខាងលើនេះនិងដឹងប្រវត្ត ភ្ញាក់ផ្អើល ថាកន្លងមកឃើញជាផ្ទះឈើ មានរូបរាងជាឃ្លាំងទេ ខកខានឃើញមួយរយៈប្រែក្លាយជាសំណង់រឹងផ្ទះថ្មទៅវិញ។

តើលោកលី សុភា ប្រធានមន្ទីរ សុរិយោដីខេត្តកំពង់ឆ្នាំង ចាត់វិធានការយ៉ាងណាវិញ ចំពោះករណីមួយនេះ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង យល់យ៉ាងណាវិញ ក្នុងនាមលោក ជាខណៈមេបញ្ជាការឯកភាព គ្រប់គ្រងសម្បត្តិរដ្ឋប្រចាំខេត្ត អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឯកឧត្តមបានទេដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តមនិងចាត់វិធានការតាមច្បាប់ ចំពោះករណីខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។






Powered by Blogger.