ចាប់ខ្លួនមនុស្សប្រុសស្រី១៣នាក់ ដកហូតគ្រឿងញៀនបាន២៥ថង់ នៅក្រុងប៉ោយប៉ែត

 


បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបគ្រឿងញៀន២ករណី ឃាត់បានមនុស្សចំនួន១៣នាក់ នឹងដកហូតគ្រឿងញៀនបាន២៥ថង់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ស្ថិតភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងការិយ៉ាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាឈានដល់ចុះប្រតិបត្តិការបង្ក្រាបចំនួន២កន្លែងឃាត់ខ្លួនមនុស្ស១៣នាក់ ក្នុងនោះមានស្រី២នាក់។

លោកបានបញ្ជាក់ទៀតថា ទីតាំងទី១ កម្លាំងសមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ឈ្មោះ ស៊ុន ពិសិដ្ឋ ភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិមិត្តភា សង្កាត់/ក្រុងប៉ោយប៉ែត ដកហូតរត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា២ថង់ធំនិងថ្នាំញៀនគ្រាប់ពណ៌ក្រហម១ថង់ធំ។ព្រមទាំងឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន៥នាក់ ក្នុងនោះស្រីម្នាក់។ ចំពោះទីតាំងទី២ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន រឿត ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្នាដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា១ថង់ធំ និង២១ថង់តូច និងជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ព្រមទាំងឃាត់ខ្លួនប្រើប្រាស់ចំនួន៨នាក់។

តាមលោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ឱ្យដឹងថា ក្រោយឃាត់ជនសង្ស័យប្រុសស្រី១៣នាក់ និងគ្រឿងញៀន២៥ថង់ ក្នុងនោះមាន៤ថង់ធំ និង២១ថង់តូច ត្រូវបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមផ្លូវច្បាប់៕



Powered by Blogger.