ប្រតិបត្តិការបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀន, សមត្ថកិច្ចខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ជាបន្តបន្ទាប់ និងដកហូតបានថ្នាំញៀនមួយចំនួន

 


កំពត៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពត បានសហកាជាមួយសម្ថតកិច្ចខេត្តតាកែវ បើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនមេក្លោងចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣០នាទី ដោយបានទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់រាយការណ៍ថាមានជនសង្ស័យយកថ្នាំញៀនមកលក់នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមានការឯកភាពពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដោយបានដាក់កម្លាំងសមត្ថកិច្ចឃ្លាំមើលក៏ប្រទះឃើញជនសង្ស័យកំពុងយកថ្នាំញៀនមកលក់។

ភ្លាមៗសមត្ថកិច្ចក៏បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង) ចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់។

ជនសង្ស័យមានឈ្មោះ សែម សារឿន ហៅ ចាប ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ ចាប់យកវត្ថុតាង ថ្នាំញៀនចំនួន ០១កញ្ចប់, ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង

បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យឈ្មោះ សែម សារឿន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១ និង៣០នាទី កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ថែមទៀតឈ្មោះ អ៊ុយ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងកំភ្លែង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ ចាប់យកវត្ថុតាង ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០២គ្រឿង។

បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យឈ្មោះ អ៊ុយ សុខហេង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៥ និង៣០នាទី កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិបឹងនិមល ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ថែមទៀត ឈ្មោះ ដុង ឆានុន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ ចាប់យកវត្ថុតាង៖ ថ្នាំញៀនចំនួន ០៣កញ្ចប់, ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង។

បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យឈ្មោះ អ៊ុយ សុខហេង និងឈ្មោះ ដុង ឆានុន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣០នាទី កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិសុីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ថែមទៀត ឈ្មោះ ង៉ែត រស្មី ហៅ កើយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសុីស្លា ឃុំធ្លាប្រជុំស្រុកកោះអណ្តែត ខេត្តកំពត។ ចាប់យកវត្ថុតាង៖ ថ្នាំញៀនចំនួន ០៩កញ្ចប់ (ធំ២ តូច៧), ទូរស័ព្ទដៃ ០២គ្រឿង, ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង និងថង់ប្លាស្ទិចមួយចំនួន ។

បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យឈ្មោះ ង៉ែត រស្មី ហៅ កើយ និងឈ្មោះ ដុង ឆានុន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៣០នាទី កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកទូរស័ព្ទមករកទិញថ្នាំញៀន ស្ថិតនៅភូមិសុីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ថែមទៀត ឈ្មោះ ឃឹម តុលា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ ចាប់យកវត្ថុតាង៖ ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង។

ចំពោះករណីខាងលើសមត្ថកិច្ចយដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ១៣កញ្ចប់, ម៉ូតូ ០៤គ្រឿង, ទូរស័ព្ទដៃ 0៧គ្រឿង, ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង និងថង់ប្លាស្ទិចមួយចំនួន។

របាយការណ៍ដដែលបានបញ្ជាក់ថា ឆ្លងតាមរយៈភស្តុតាង និងចម្លើយសារភាពរបស់បក្ខពួក កម្កាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត បន្តសហកាជាមួយសម្ថតកិច្ចខេត្តតាកែវ រហូតឈានបន្ដទៅបង្ក្រាបយកមេក្លោងជួញដូរនៅភូមិស៊ីស្លា ឃុំធ្លាយប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ បានថ្នាំញៀនសរុបទម្ងន់ ២៨៥១.៣៧ក្រាម។ សរុបជនសង្ស័យ ០៥នាក់។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបាននាំមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕



Powered by Blogger.