ស្នងការរងខេត្តកំពង់ស្ពឺម្នាក់ ប្ដូរឈ្មោះលួចរៀបការប្រពន្ធថ្មី ខណៈប្រពន្ធដើមមិនទាន់បានលែងលះ ល្មើសបទបញ្ជា០០៦ដែលឬទេ?

 


កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់ថា ជាស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលួចរៀបការប្រពន្ធថ្មីម្នាក់ទៀត ខណៈប្រពន្ធដើមនៅមិនទាន់បានលែងលះនៅឡើយ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីសាលាឃុំកាហែង បានឱ្យដឹងថា លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានទៅស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ដែលមានការបញ្ជាក់ពីភាពពោះម៉ាយដោយ លោកចៅសង្កាត់បឹងសាឡាង និង មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ង៉ាម រី បានដាក់ពាក្យស្នើចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយប្តូរពីឈ្មោះដើមមក ឈ្មោះ ឃុត វឌ្ឍនា រស់នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវរៀបការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅផ្ទះខាងស្រី ភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយកូនស្រីឈ្មោះ ឃិន ស្រស់ មុខរបរលក់ដូរ។

មន្ត្រីសាលាឃុំកាហែងក៏បានបញ្ជាក់ផងដែរថា ចំពោះសំណើរសុំការចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ អាជ្ញាធរឃុំក៏បានសម្រេចឯកភាពជូនសាម៉ីខ្លួនទាំងពីររួចហើយដែរ។

ពាក់ព័ន្ធន្ធនឹងការក្លែងឯកសារ ដើម្បីរៀបការប្រពន្ធថ្មីនេះ ប្រពន្ធដើមរបស់ លោក ង៉ាម រី មិនបានធ្វើការអធិប្បាយនោះទេ តែលោកស្រីគ្រាន់បាននិយាយយ៉ាងខ្លីថា លោកស្រីកំពុងតែធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ហើយរឿងរ៉ាវយ៉ាងណា លោកស្រីនឹងប្រាប់នៅពេលក្រោយ។

ជុំវិញករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងតាមទូរសព្ទនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ថា រឿងលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការងរៀបការនោះលោកមិនបានដឹងទេ ព្រោះគេមិនបានប្រាប់លោកឡើយ ហើយក៏មិនបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីពិសារភោជនាហារនាថ្ងៃនោះដែរម្យ៉ាងវិញទៀត គ្មានមន្ត្រីនគរបាលណាម្នាក់ដែលបម្រើការងារក្នុងអង្គភាព និងជាកូនចៅផ្ទាល់របស់ លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា ត្រូវបានហៅ ឬអញ្ជើញឱ្យចូលរួមដែរ។ 

ចំពោះករណីនេះរូបលោកមិនអាចបកស្រាយបានដែរ ដោយលោកស្នងការគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា មកទល់រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ប្រពន្ធដើមលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងបានមកដាក់ពាក្យប្តឹងជាផ្លូវការហើយ ដើម្បីទប់ស្កាត់ពិធីមង្គលការខាងលើ។

អង្គភាពអ្នកសារព័ត៌មានយើង បានទំនាក់ទំនងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ឬលោក ឃុត វឌ្ឍនា ប៉ុន្តែទូរសព្ទ ចូលច្រើនដងមិនមានអ្នកលើកទូរសព្ទ៕

តើមន្ត្រី ជាស្នងការរងខេត្ត កំពង់ស្ពឺ លោក ង៉ាម រី ល្មើសនិងបទ បញ្ជា០០៦ របស់អគ្គស្នងការជាតិ ដែលឬទេ? ទាក់ទិននិងមន្ត្រី ចេញលិខិត បញ្ជាក់ ពោះម៉ាយ របស់ចៅសង្កាត់ បឹងសាឡាន លោក ហែន កន ពីបទ រួមគំនិតក្លែងឯកសារ តើក្រសួងមហាផ្ទៃ ចាត់វិធានការយ៉ាងណាវិញ ក្នុងនាមជាមន្ត្រី បំរើការងារ សាធារណៈ ប្រព្រឹត្តបទល្មើស ធ្វើអោយប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ ដល់ស្ថាប័នរដ្ឋ 

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ ៕ដោយនាគខ្មៅ





Powered by Blogger.