ផ្តន្ទាទោសជនជាតិ២នាក់ ដាក់គុកម្នាក់ៗ ២២ឆ្នាំពីបទជួញដូរគ្រឿងញៀនជាង៣០គីឡូក្រាម

 ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាតិ២នាក់ ដាក់គុកម្នាក់ៗ ២២ឆ្នាំ ពីបទជួញដូរគ្រឿងញៀនជាង៣០គីឡូក្រាម កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ធាម ចន្ទ័ណិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក គឺម ហុងសាន ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២៣ នេះបានបើកសវនាការប្រកាសសាលក្រម លើសំណុំរឿង ជួញដូរ​គ្រឿងញៀន​ជាង​៣០​គីឡូក្រាម និង​សារធាតុ​ផ្សំ​ជាង​៥៦​គីឡូក្រាម ដោយបានសម្រេចដាក់គុកឈ្មោះ LI ZHI ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន និង​ឈ្មោះ PENG ZHENGCHENG ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន ក្នុងម្នាក់ៗចំនួន២២ឆ្នាំ និងពិន័យចំនួន ៩០លានរៀល។

ពាក់ករណីក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះ​មន្ត្រីជាន់ខ្ពស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ធ្លាប់បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​៣:៣០​នាទី​រសៀល សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទ​គ្រឿងញៀន ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹ​ង សារ៉ាត់ នាយករង​មន្ទីរ និង​វរសេនីយ៍ឯក ស៊ុ ណារ៉ាក់ នាយករង​មន្ទីរ​, វរសេនីយ៍ទោ នួន ច័ន្ទ និង​វរសេនីយ៍ទោ ប៉ែន ណុល ចូលរួម​សហការ​ពី​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ សម្របសម្រួល​ដោយ លោក ស៊ិត វណ្ណ​: ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ព្រះសីហនុ ចុះ​ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប​ករណី​កែច្នៃ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​៣​ចំណុច​ផ្សេងគ្នា ជា​បន្តបន្ទាប់​។

​សម្រាប់​លទ្ធផល​នៃ​ការបង្ក្រាប​នេះ សមត្ថកិច្ច​បានឃាត់ខ្លួន​ជនសង្ស័យ៣​នាក់​៖ ឈ្មោះ CHO SHIH JIE ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​ចិន ​តៃវ៉ាន់។ ឈ្មោះ LI ZHI ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន និង​ឈ្មោះ PENG ZHENGCHENG ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន ដោយ​ចាប់យក​វត្ថុតាង​៖ ហេ​រ៉ូ​អ៊ី​ន ទម្ងន់​ជាង​៣​គីឡូក្រាម​, ម្សៅ​ក្រាម​ពណ៌​ផ្កាឈូក​ខ្ចី (MDMA) ទម្ងន់​ជាង​៤​គីឡូក្រាម​, មេ​តំ​ហ្វេ​តា​មីន (ICE)​ទម្ងន់​ជាង​៩​គីឡូក្រាម​, មេ​តំ​ហ្វេ​តា​មីន​(WY) ទម្ងន់ ៦៤៨​ក្រាម​, កេ​តា​មីន (Ketamine) ទម្ងន់​ជិត​៨​គីឡូក្រាម​, សារធាតុ​រាវ (Ketamine) ចំនួន ២១៥​ដប ទម្ងន់​ជាង​២​គីឡូក្រាម​, ថ្នាំ​គ្រាប់​នី​មេ​តា​ហ្សេ​ប៉ា​ម ទម្ងន់​ជិត​៣​គីឡូក្រាម ដោយ​សរុប​សារធាតុ​ញៀន​ទាំងអស់​ស្មើនឹង​ជាង ៣០​គីឡូក្រាម និង​សារធាតុ​ផ្សំ​ជាង​៥៦​គីឡូក្រាម​៕

Powered by Blogger.