ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ

 


នាព្រឹកថ្ងៃពុធ ទី08 ខែវិច្ឆិកា ឆ្នាំ2023 ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច បានដឹកនាំប្រជុំដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ Hotline 1244 នៅសាលប្រជុំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ថោង សំអាត រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមលេខាធិការដ្ឋានប្រចាំការ ឯកឧត្តម-លោកជំទាវ អស់លោកលោកស្រីដែលជាអនុប្រធាន និងជាសមាជិកដែលតំណាងក្រសួងស្ថាប័នមួយចំនួនដែលពាក់ព័ន្ធ។ 


របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន:

១. ការរៀបរាប់អំពីសាវតានៃការបង្កើតគណៈកម្មការចំពោះកិច្ច និងក្រុមលេខាធិការដ្ឋានប្រចាំការ ទៅតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី។

២. ការរំលឹកឡើងវិញអំពីតួនាទីភារកិច្ចនិងរបៀបរបបការងារនៃក្រុមលេខាធិការដ្ឋានប្រចាំការ

៣. ការពិភាក្សាលក្ខណៈបច្ចេកទេសលើដំណើរការបង្កើត និងការកែសម្រួល ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ Hotline 1244។


បន្ទាប់ពីបានស្ដាប់មតិយោបល់ចូលរួមពី ឯកឧត្តមលោកជំទាវ និងសមាជិកនៃគណៈកម្មការចំពោះកិច្ច ឯកឧត្តម សន្តិបណ្ឌិត គៀត ចាន់ថារិទ្ធ បានដាក់ចេញនូវសំណូមពរចាំបាច់នៃការងារមួយចំនួន:

១. សូមឱ្យក្រុមបច្ចេកទេសព័ត៌មានបច្ចេកវិទ្យា ធ្វើការកែសម្រួលជាសាមញ្ញកម្ម ទៅលើប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍នេះដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ក្រុមការងារទាំងអស់។

២. សូមឱ្យឯកឧត្តមលោកជំទាវ ដែលជាប្រធានស្ថាប័ន ឬអង្គភាពពាក់ព័ន្ធ ចិត្តតំណាងរបស់ខ្លួនដើម្បីប្រចាំការរង់ចាំទទួលនិងដោះស្រាយពាក្យបណ្ដឹងជូនពលករ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់គណៈកម្មការចំពោះកិច្ច។

៣. សូមឱ្យស្ថាប័ន អង្គភាព និងគណៈអភិបាលខេត្តជាប់ព្រំដែន ដែលមានសមត្ថកិច្ចពាក់ព័ន្ធ តាមដាន និងគ្រប់គ្រងការងារទទួល និងដោះស្រាយពាក្យបណ្ដឹងនេះឲ្យបានជាប់លាប់ និងរៀបចំរបាយការណ៍ប្រចាំខែជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច គោរពរាយការណ៍ជូនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជារៀងរាល់ខែ។















Powered by Blogger.