មនុស្សជាច្រើនត្រូវគេរាយការណ៍ថាបានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅជំរំជនភៀសខ្លួន តំបន់ហ្កាហ្សា

 ហ្កាហ្សា៖ អ៉ីស្រាអែល បានទទួលស្គាល់ថាខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសលើជំរំជនភៀសខ្លួនមួយ ក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ដោយសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥០នាក់ និងមេបញ្ជាការម្នាក់របស់ក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៉ីស្រាអែលបានអះអាងថាការវាយប្រហារតាមផ្លូវអាកាសលើជំរំជនភៀសខ្លួនក្នុងទីក្រុង Jabalia ជាជំរំជនភៀសខ្លួន ដ៏ធំបំផុតក្នុងតំបន់ហ្កាហ្សា បានសម្លាប់មេបញ្ជាការហាម៉ាសម្នាក់ឈ្មោះ អ៉ីប្រាហ៊ីម ប៊ីយ៉ារី (Ibrahim Biari) ដែលអ៉ីស្រាអែលចោទថាជាអ្នកនៅពីក្រោយ ការរៀបចំផែនការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលសម្លាប់ជនជាតិអ៉ីស្រាអែលជាង ១,៤០០នាក់។

ដោយឡែក ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថាជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែល លើជំរំជនភៀសខ្លួនខាងលើ និង១៥០នាក់ផ្សេងទៀតរងរបួស។ ប៉ុន្តែ ក្រុមមន្ត្រីហាម៉ាស បាននិយាយថាមនុស្សដល់ទៅ ៤០០នាក់ឯណោះ ត្រូវបានសម្លាប់ និងរងរបួស ហើយបដិសេធថាមិនមានមេបញ្ជាការណាម្នាក់របស់ខ្លួនត្រូវបានសម្លាប់នោះទេ ដោយចាត់ទុកការអះអាងរបស់អ៉ីស្រាអែល ជាលេសដើម្បី សម្លាប់ជនស៊ីវិលតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា អមជាមួយការទម្លាក់គ្រាប់បែកឥតឈប់ឈរ អ៉ីស្រាអែល កំពុងបង្កើនការវាយលុកតាមជើងគោក ដោយរថក្រោះ និងកងទ័ពមួយចំនួន បានចូល ទៅក្នុងតំបន់ហ្កាហ្សាហើយ ដើម្បីសម្រេចគោលដៅយោធាដែលលោកនាយករដ្ឋមន្ត្រី Netanyahu និយាយថាមានគោលដៅកម្ទេចហាម៉ាស។ លោក Netanyahu ក៏បានច្រានចោលបទឈប់បាញ់ផងដែរ ដ្បិតថាការធ្វើបែបនេះមានន័យស្មើសុំចុះចាញ់ក្រុមហាម៉ាស៕

Powered by Blogger.