លោក កែ សួនសុភាព និងលោកស្រី អញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តថ្មរមៀល

(បន្ទាយមានជ័យ) មហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត(ស.ស.យ.ក) ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក កែ សួនសុភាព អភិបាលរងខេត្ត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត(ស.ស.យ.ក) និងជាប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រហ្ម រដ្ឋា ព្រមទាំងបុត្រី អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់វេនបិណ្ឌទី៥ និងស្តាប់ពិធីចម្រើនព្រះបរិត្ត របស់ព្រះសង្ឃ ហើយឧទ្ទិសកុសលជូនមាតា បិតាញាតិការក្នុងសង្សារវដ្ត និងបាននាំយក ទេយ្យវត្ថុ បច្ច័យសម្រាប់កសាងមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តថ្មរមៀល ស្ថិតភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក នាល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

ព្រះគ្រូខេមញាណ រ៉េន សុីណាត ព្រះគ្រូចៅអធិការវត្តថ្មរមៀល បានមានសង់ដីកាថា៖ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗនានា​ ដែលមាននៅក្នុងប្រពៃណីទំនៀមទម្លាប់នៃប្រទេសកម្ពុជា។ ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពី បុរាណរៀងមក​ តែងតែប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថ្ងៃទី ១៥រោច ដែលមានរយៈពេល១៥ថ្ងៃ។

លោក កែ សួនសុភាព បានមានប្រសាសន៍លើកឡើងថា៖ក្នុងឱកាសកាន់បិណ្ឌវេនទី៥ នាពេលនេះគឺដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅក្នុងលោកខាងមុខ ឲ្យលោកទទួលបាននូវផល្លានិសង្សដែលយើងខ្ញុំជាកូនចៅបានធ្វើនៅថ្ងៃនេះ។ 

ជាមួយគ្នានោះលោក កែ សួនសុភាព បានបញ្ជាក់ថា៖ ពិធីបុណ្យនេះ គឺមានបំណងចងអោយជួបជុំគ្នា រវាងមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត(ស.ស.យ.ក) ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ នៅតាមបណ្តា ឃុំ ស្រុក នីមួយៗអោយកាន់តែមានភាពស្និតស្នាល ចំណងមិត្តភាព សាមគ្គីភាពបន្ថែមទៀត។ជាពិសេសក្នុងសកម្មភាពការងារមនុស្សធម៌ និងជាការចូលរួមចំណែកជួយដល់សង្គមជាតិផងដែរ៕


















Powered by Blogger.