លោក កែវ ឆាយ និងអាជ្ញាធរមូលដ្ឋានស្រុក ក្រុង ចុះចែកសម្ភារៈទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ នៅក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ

 លោក កែវ ឆាយ និងអាជ្ញាធរមូលដ្ឋានស្រុក ក្រុង ចុះចែកសម្ភារៈទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ នៅក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ 

(បន្ទាយមានជ័យ) អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បន្ទាយមានជ័យលោក កែវ ឆាយ តំណាងឲ្យលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងមន្រ្តីក្រុមការងារការិយាល័យថែទាំសុខភាពជនបទ និងការិយាល័យផ្គត់ផ្គង់ទឹកជនបទខេត្ត ព្រមទាំងលោក លោកស្រី អាជ្ញាធរមូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ បាននាំយកសម្ភារៈទឹកស្អាត និងអនាម័យ ដែលជាអំណោយឧបត្ថម្ភរបស់អង្គការយូនីសេស(Unicef) ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅទីទួលសុវត្ថិភាព ៣កន្លែង នៅក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

លោក លោកស្រី ដែលជាអាជ្ញាធរមូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ បានធ្វើការថ្លែងអំណរអរគុណ ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងអង្គការយូនីសេស(Unicef) ដែលបាននាំយកសម្ភារៈទឹកស្អាត និងអនាម័យមកឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ ដែលបានជម្លាសមកស្នាក់នៅទីទួលសុវត្ថិភាពនេះ។ ជាពិសេសត្រូវជួយផ្គត់ផ្គង់នៅផ្នែកអនាម័យដល់ពួកគាត់ ក្នុងការថែរក្សាសុខភាព។

ក្នុងឱកាសនោះលោក កែវ ឆាយ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាព ដោយទទួលទានអាហារឱ្យបានត្រឹមត្រូវ ហូបទឹកដាំឆ្អិនល្អ រក្សាអនាម័យ និងត្រូវគេងក្នុងមុងជានិច្ច ពិសេសត្រូវមានការប្រុងប្រយត្ន័ចំពោះក្មេងតូចៗកុំឱ្យលេងទឹក ជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

សូមបញ្ជាក់ថា៖ សម្ភារៈទឹកស្អាត និងអនាម័យចែកជូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ នៅក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ក្នុងនោះរួមមាន៖ ១,ឃុំបត់ត្រង់១០៦គ្រួសារ នៅទួលសុវត្ថិភាពផ្លូវវាងក្រុង។

២,សង្កាត់អូរអំបិល ៣៤គ្រួសារ នៅទួលសុវត្ថិភាពភូមិសែសិន។

៣,សង្កាត់ព្រះពន្លា ៥៥គ្រួសារ នៅទួលសុវត្ថិភាពបេនឡានថ្មី។

សម្រាប់សម្ភារៈទឹកស្អាត និងអនាម័យ ក្នុង១គ្រួសារទទួលបាន៖

១,ធុងចំរោះសេរ៉ាមិច ១ឈុត

២,ធុងជ័រយួរចណុះ២០លីត្រ ១

៣,ពីដុងជ័រចំណុះ២០លីត្រ ១

៤,ថ្នាំម្សៅកញ្ចប់ក្លររ៉ាមីន ២០កញ្ចប់

៥,សាប៊ូម្សៅ ២គីឡូក្រាម

៦,សំឡីអនាម័យ ៣ដុំ៕

























Powered by Blogger.