នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំរៀបចំទទួលស្វាគមន៍ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្ដីនឹករលឹក ដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល, 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរពី សុខទុក្ខការលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃ និងតែងតែនៅជាប់ជាមួយប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសកងកម្លាំងនៃស្នងការនគរបាលខេត្ត ដែលបានបំពេញតួនាទី ភារកិច្ច ការពារសុវត្ថិភាព ទាំងមុនពេល ក្នុងអំឡុងពេល និងក្រោយពេលបោះឆ្នោតបាន យ៉ាងល្អប្រសើរ ព្រមទាំងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន។ លទ្ធផលនៃការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គឺជា ការបោះឆ្នោតមួយដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងមានតម្លាភាព។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត បាននឹងសង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្ត នឹងបន្តខិតខំបំពេញភារកិច្ចការងារបម្រើប្រជាពលរដ្ឋ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តឲ្យសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីៗ បន្ថែមទៀត។












































Powered by Blogger.