សមត្ថកិច្ចចរាចរខេត្តតាកែវ ចាប់ផ្តើមមានវិធានការណ៍លើរថយន្តដឹកសំពីងសំពោង

 ខេត្តតាកែវ ៖ ក្រោយមានសារព័ត៌មាន ក្នុងស្រុកមួយចំនួនផ្តិតយករូបភាព និងបានផ្សព្វផ្សាយ ករណីរថយន្តដឹកទំនិញសំពីងសំពោងខុសបច្ចេកទេស ឆ្លងកាត់គោលដៅចរាចរណ៍ខេត្តតាកែវ ផ្លូវជាតិលេខ២ និងលេខ៣ កាលពីពេលថ្មីៗកន្លងទៅ ពេលនេះសមត្ថកិច្ចជំនាញ បានអនុវត្តវិធានការផ្លូវច្បាប់ លើរថយន្តទាំងអស់ដែលដឹកទំនិញ សំពីងសំពោងបានជាបន្តបន្ទាប់។

ដូចដែលលោក ប៉ុល សំអុលឧត្តម ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការនគរបាលខេត្តតាកែវ ធ្លាប់បានបញ្ចាក់ថា លោកនិងឲ្យកម្លាំងបង្ក្រាបឲ្យអស់ រាល់រថយន្តដឹកទំនិញសំពីងសំពោង បើនៅតែមានចរាចរលើដងផ្លូវទៀត។ ពេលនេះឃើញថាដូចអ្វី ដែលលោកបានមានប្រសាសន៍មែន គឺគ្រប់រថយន្តដែលដឹកទំនិញ សំពីងសំពោងខុសបច្ចេកទេស ឆ្លងកាត់ខេត្តតាកែវ និងត្រូវឃាត់សួរនាំ អប់រំ និងឲ្យរុះរើទំនិញចេញ ធ្វើយ៉ាងណា គឺដឹកឲ្យបានត្រឹមត្រូវ។

សូមរំឮកថា មានប្រភពបែកធ្លាយមួយបញ្ជាក់ថា សមត្ថកិច្ចចរាចរណ៍ ឈរជើងប្រចាំការតាមផ្លូវជាតិលេខ២ និងលេខ៣ ក្នុងទឹកដីខេត្តតាកែវ បានអនុញ្ញាតិឲ្យមាន រថយន្តដឹកទំនិញសំពីងសំពោង ល្មើសច្បាប់ចរាចរណ៍ តាមដងផ្លូវជារៀងរាល់ថ្ងៃដោយមិនមានការ ហាមឃាត់ ឬណែរនាំនោះទេ ពិសេសជាងនេះភាគច្រើន គឺសុទ្ធតែជាប្រភេទរថយន្តកែឆ្នៃទៀតផង គឺទុកដើម្បីចិញ្ចឹមឆ្នាំង ។ ប្រភពបន្តថា បើមិនឲ្យមានរថយន្តដឹកទំនិញសំពីងសំពោង ល្មើសច្បាប់ឆ្លងកាត់ ធ្វើម៉េចបានលុយបង់ទៅថ្នាក់លើទៅ បើមួយថ្ងៃៗ ត្រូវបង់ទៅថ្នាក់លើ ជាង៦០ម៉ឺងរៀលឯណុះ! បើចាំតែពិន័យអ្នកជិះម៉ូតូ ជិះកង ប្រហែលរកលុយចាក់សាំង មកប្រចាំការមិនបានទេមើលទៅ ព្រោះប្រជាពលរដ្ឋអ្នកបើកបរម៉ូតូ មានការយល់ដឹងច្រើនហើយ មិនងាយនិងបានផាក់ពិន័យទេ។

ចំណែក លោក ប៉ុល សំអុលឧត្តម ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា លោកនិងឲ្យកម្លាំងបង្ក្រាបឲ្យអស់ រាល់រថយន្តដឹកទំនិញសំពីងសំពោង បើនៅតែមានចរាចរណ៍លើដងផ្លូវទៀត។ ចំណែករឿង៦០ម៉ឺនរៀលជាង មួយថ្ងៃក្នុងគោលដៅមួយៗ បង់ទៅថ្នាក់លើនោះ គឺជារឿងមិនពិតទេ គឺមកពីមានមន្ត្រីលោកខ្លះច្រណែនគ្នា ចេះតែរាយការណ៍ផ្តេសផ្តាសប៉ុណ្ណោះ៕




Powered by Blogger.