រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា: បញ្ហាព័ត៌មានក្លែងក្លាយជាបញ្ហារួម ដែលប្រទេសទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់
រាជធានីភ្នំពេញ ៖ ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បញ្ហាព័ត៌មានក្លែងក្លាយ គឺជាបញ្ហារួម ដែលបណ្តាប្រទេសទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ ពីព្រោះថា វានឹងក្លាយជាគ្រោះថ្នាក់ដល់សង្គមជាតិយើងទាំងអស់គ្នា ។
ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខណៈអនុញ្ញាតឲ្យអនុញ្ញាតឲ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំ នៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌវិស័យព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។
ក្នុងជំនួបទ្វេរភាគី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មានបានលើកឡើងយ៉ាងដូច្នេះថា ៖ « ទាក់ទងនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាបញ្ហារួមដែលបណ្តាប្រទេសទាំងអស់ ត្រូវរួមគ្នាក្នុងការទប់ស្កាត់ ព្រោះព័ត៌មានក្លែងក្លាយជាមានគ្រោះថ្នាក់សម្រាប់សង្គម» ។
ជាមួយគ្នានោះដែរ ឯកឧត្តមជម្រាបជូនឯកអគ្គរាជទូតជប៉ុនថា ក្រសួងព័ត៌មាន នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ និងវិធានការទប់ស្កាត់ ។
ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងនឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិជាតិរួមមួយ នៃក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មានអនុវត្ត ។
ក្នុងជំនួបនោះដែរ ឯកឧត្តម បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានជួយប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំភាគីជប៉ុន ជួយក្រសួងព័ត៌មានកម្ពុជា លើការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្នាក់ដឹនាំ និងមន្ត្រីរាជការ នៃក្រសួងព័ត៌មាន បានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើឱ្យក្រសួងព័ត៌មានក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ព័ត៌មានពិត ទៅដល់ប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ។
សូមជម្រាបថា ក្រោយបញ្ចប់ជំនួប ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញចុះពិនិត្យមើលសមិទ្ធិផល និងសម្ភារបច្ចេកទេស នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុនផងដែរ ៕
Post a Comment