Angkor Equinox (សមរាត្រីនៅប្រាសាទអង្គរវត្ត​ ឬ​ ព្រឹត្តិការណ៍​សូរិយា​រះចំពីលេីប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត)

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ឬហៅម្យ៉ាងទៀតថា ថ្ងៃនិងឈប់ស្មើគ្នា បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត កើតនៅថ្ងៃទី២១ ខែមីនា និងថ្ងៃទី២២ ខែកញ្ញា  ។



បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី មានប្រាសាស៍ថា សម្រាប់ឆ្នាំ២០២២ គឺថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រីខែមីនា និងខែកញ្ញា  នឹងត្រូវចំថ្ងៃទី២១ ខែមីនា និងថ្ងៃទី ២២ ខែកញ្ញា នៅវេលាប្រហែលជាចាប់ពីម៉ោង៦:៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយប្រចាំឆ្នាំ ដែលកើត២ដងក្នុងមួយឆ្នាំ គឺថ្ងៃទី២១ ខែមីនា និងថ្ងៃទី២២ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា។


អ្នកជំនាញពន្យល់ថា សមរាត្រី គឺជាពេលវេលាដែលរវាងពេលថ្ងៃនិងពេលយប់ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។ ក៏ប៉ុន្តែ សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។


លោក អ៊ឹម សុខរិទ្ធី ឱ្យដឹងទៀតថា ការរៀបចំរបស់បុព្វបុរសខ្មែរ តម្រូវតាមបាតុភូតធម្មជាតិឱ្យព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះទៅបាន គឺត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លី ការគន់គូរ តាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្រ្ត ព្រមទាំងរួមផ្សំជាមួយជំនឿផង។ អាចនិយាយបាន ថាព្រឹត្តិការណ៍ពិសេសថ្ងៃ រះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះកើតមានតែនៅលើ ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។

ថ្វីត្បិតតែក្នុង១ឆ្នាំៗ ព្រឹត្តិការណ៍ពិសេសសមរាត្រី នឹងថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តអាចកើតឡើងក្នុង១ឆ្នាំ២ដងក្តី ក៏ប៉ុន្តែ បាតុភូតនោះកើតឡើងមិនដូចគ្នាទេ។ កាលពីឆ្នាំ២០១៩កន្លងទៅ សមរាត្រីបានកើត ឡើងនៅថ្ងៃទី២០ ខែមីនា ចាប់ពីព្រឹកព្រលឹមស្រាងៗ ដោយគេអាចមើលឃើញពីខ្លោងទ្វារកណ្តាលនៃគុកតារាជ(ខ្លោងទ្វារធំប៉ែកខាងលិច) អំឡុងពេលចាប់ពីម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក៕

Powered by Blogger.