ប្រតិបត្តិការបង្ក្រាបទីតាំងកត់កន្ទុយលេខឆ្នោតយួន ដែលជ្រកក្រោមស្លាកអាជីវកម្ម "វីងវេរលុយ



ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបទីតាំងកត់កន្ទុយលេខឆ្នោតយួន ដែលជ្រកក្រោមស្លាកអាជីវកម្ម "វីងវេរលុយ" នៅជិតផ្សារឌុចមិច កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ន្លងទៅនេះ បានស្តែងឱ្យឃើញពីល្បិចកលកាន់តែស្មុគស្មាញរបស់ក្រុមមេឆ្នោត ក្នុងការបិទបាំងសកម្មភាពល្មើសច្បាប់ដើម្បីគេចវេះពីភ្នែកសមត្ថកិច្ច។
កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ៧មករា បានចុះប្រតិបត្តិការបង្ក្រាបទីតាំងកត់កន្ទុយលេខខុសច្បាប់មួយកន្លែង ដែលបានលួចបើកធ្វើអាជីវកម្មបាំងភ្នែកសមត្ថកិច្ចជ្រកក្រោមស្លាក "វីង វេរលុយ" អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់បញ្ជូនទៅសាកសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ ៥E0 ផ្លូវលេខ ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ម្តុំផ្សារឌុចមិច)។ កម្លាំងប្រតិបត្តិការដឹកនាំដោយលោកវរៈសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ក្រោមការសម្របសម្រួលផ្នែកច្បាប់ពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ជា គឹមហុង ហៅចែម៉ី អាយុ៣១ឆ្នាំ ជាម្ចាស់ទីតាំងខាងលើ។
គួរបញ្ជាក់ថា ទីតាំងកត់ឆ្នោតយួនដុះស្លែមួយនេះ បានបើកដំណើរកាល្បែងស៊ីសងខុសច្បាប់ជ្រកក្រោមស្លាកអាជីវកម្មវេរលុយ និងដូរលុយអស់ជាច្រើនឆ្នាំមកហើយ។ រូបភាពនៃការចេញចូលចាក់ឆ្នោតរបស់អតិថិជន ដែលភាគច្រើនជាស្ត្រីអាជីវករ និងអ្នកទៅទិញម្ហូបនៅផ្សារ មើលទៅដូចជាការទៅប្រកបប្រតិបត្តិការហិរញ្ញវត្ថុធម្មតា ធ្វើឱ្យមហាជន និងសមត្ថកិច្ចពិបាកក្នុងការសង្ស័យ។ ទោះជាយ៉ាងណា សកម្មភាពនេះត្រូវបានបែកធ្លាយ បន្ទាប់ពីមានអ្នកចាក់ឆ្នោតចាញ់អស់ពីខ្លួន និងជំពាក់បំណុលមេឆ្នោត រហូតដើរនិយាយតៗគ្នាជ្រាបដល់តម្រុយរបស់សមត្ថកិច្ច ឈានទៅដល់ការបើកបទកម្លាំងស្រាវជ្រាវ និងចុះបង្ក្រាបដល់ទីតាំងតែម្តង។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ជា គឹមហុង ហៅចែម៉ីត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាល
ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងការចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។
អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវៈនិងក្រុមសីលធម៌ មិនមែនញុះញង់ធ្វើឲ្យមានការរើសអើង និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នក
សារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ






Powered by Blogger.