ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយរដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី ពិភាក្សាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបជាមួយ លោក Natalius Pigai រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ពិភាក្សាផ្លាស់ប្តូរទស្សនៈ បទពិសោធ និងការ អនុវត្តល្អៗ ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Natalius Pigai និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី។ ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា មានលក្ខណៈល្អប្រសើរ ព្រោះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់តម្លៃខ្ពស់លើសិទ្ធិរស់រានមានជីវិត និងសន្តិភាពទាំងក្នុងប្រទេស តំបន់ និងពិភពលោក ហើយក៏ស្របនឹងចក្ខុវិស័យអាស៊ានផងដែរ។
ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានលើកពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ គឺកើតឡើងដោយសារថៃមិនឯកភាពប្រើប្រាស់ផែនទីដែលបានទទួលស្គាល់ជាអន្តរជាតិ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ប៉ុន្តែបែរជាប្រើផែនទីដែលថៃគូសដោយឯកតោភាគីទៅវិញ។ ដោយសារតែប្រទេសកម្ពុជាគោរពតាមកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ទើបផ្តល់ឱកាសឱ្យទាហានថៃបានចូលមកចាប់ទាហានកម្ពុជាដោយខុសច្បាប់ចំនួន ២០រូប ហើយបច្ចុប្បន្នទាហានកម្ពុជាចំនួន១៨រូប ដែលថៃបន្តឃុំខ្លួន ដើម្បីធ្វើជាចំណាប់ខ្មាំងក្នុងការដោះដូរនឹងអ្វីដែលពួកគេចង់បាន។ ម្យ៉ាងវិញទៀត ប្រទេសថៃតែងតែយកបញ្ហាជាន់មីនមកធ្វើជាលេស ដើម្បីបង្កើនភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ពាក់ព័ន្ធនឹងបញ្ហាមីន លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាមានចម្ការមីនរាប់សិបហិកតា ដែលបានបន្សល់ ទុកនៅតាមព្រំដែនពីសម័យសង្គ្រាមស៊ីវិលនាអំឡុងទសវត្សរ៍ទី៨០ និងបានលើកជាសំណួរថា “រាល់ពេល ទាហានថៃជាន់មីន ថាតើជាន់មីនក្នុងទឹកដីកម្ពុជា ឬជាន់មីនក្នុងទឹកដីថៃខ្លួនឯង”។ បើទាហានថៃជាន់មីនក្នុងទឹកដីកម្ពុជា នោះបញ្ជាក់ថាពួកគេបានលួចចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់ និងបានជាន់មីនចាស់ដែលបានបន្សល់ទុកពីសម័យសង្គ្រាម ប៉ុន្តែបើពួកគេជាន់មីនក្នុងទឹកដីថៃនោះគឺជាការទទួលខុសត្រូវរបស់ថៃខ្លួនឯង មិនពាក់ព័ន្ធនឹងកម្ពុជានោះទេ។ លើសពីនេះ លោកទេសរដ្ឋមន្ត្រី លើកឡើងទៀតថា ប្រទេសថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ គោលការណ៍ទាំងនេះគឺជាមូលដ្ឋានសំខាន់សម្រាប់ការរស់នៅរួមដោយសន្តិភាព ការគោរពច្បាប់ និងការរួបរួមជាតិរបស់ប្រទេសសមាជិកទាំងអស់។
បន្ទាប់ពីបានទទួលស្តាប់នូវការលើកឡើងខាងលើ លោក Natalius Pigai បានថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្ត្រី នូវព័ត៌មានទាំងអស់ និងការចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យលោកនិងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោករដ្ឋមន្ត្រី បានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ហើយក៏ បានកត់សម្គាល់ថា បច្ចុប្បន្នកម្ពុជាមិនត្រឹមតែបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា ក៏ជាប្រទេសទទួលពលករបរទេសមកធ្វើការនៅក្នុងប្រទេសកម្ពុជា រួមទាំងពលករមកពីប្រទេសឥណ្ឌូណេស៊ី ផងដែរ។
លោករដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានស្នើសុំលើបីចំណុចសំខាន់ៗគឺ (១) បន្តការគាំពារជួយគ្នាទៅវិញទៅមកក្នុងការការពារពលករនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី (២) អញ្ជើញ លោកទេសរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិកស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី និង (៣) គាំទ្របេក្ខភាពឥណ្ឌូណេស៊ីជាប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានបង្ហាញពីលទ្ធភាពរបស់ក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី ក្នុងការផ្តល់ជំនួយជាលក្ខណៈបច្ចេកទេស រួមមាន ការកសាងសមត្ថភាព បណ្តុះបណ្តាល និងជំនួយផ្សេងៗ ទៀតដល់មន្ត្រីកម្ពុជា។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ កម្ពុជាតែងតែយកចិត្តទុកដាក់លើសិទ្ធិសេរីភាព និងគាំពារពលករគ្រប់រូប រួមទាំងពលករឥណ្ឌូណេស៊ី ដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ។ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងទទួលយកការអញ្ជើញរបស់រដ្ឋមន្ត្រីសិទ្ធិមនុស្សឥណ្ឌូណេស៊ី ក្នុងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិក ស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី។ ចំពោះសំណើសុំឱ្យកម្ពុជាគាំទ្របេក្ខភាពឥណ្ឌូណេស៊ីជាប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកទេសរដ្ឋមន្ត្រី នឹងធ្វើការរាយការណ៍ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យលើសំណើនេះ៕














Post a Comment