សាខាកាកបាទក្រហមកម្ពុជាខេត្តខេត្តកណ្តាល ជួបសំណេះសំណាល សាកសួរសុខទុក្ខកុមារ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម នៅស្រុកកណ្ដាលស្ទឹង

 



(ខេត្តកណ្តាល)៖ រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ព្រមទាំងសមាជិកសមាជិការសាខា អាជ្ញាធរស្រុកកណ្ដាលស្ទឹង និងសប្បុរសជននានា អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសាកសួរសុខទុក្ខកុមារ ព្រមទាំងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តកណ្ដាល ផ្ដល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

ក្នុងឱកាសសំណេះសំណាល និងសាកសួរសុខទុក្ខនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល  នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះកូនៗ ក្មួយៗ និងចៅៗ ដោយកក្ដីស្រឡាញ់ និងនឹករលឹកបំផុត។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយសម្តេចក៏បានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីបញ្ហាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ដោយចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះមហន្តរាយផ្សេងៗនៅតាមសហគមន៍ គ្មានការប្រកាន់នូវពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់កុមារទាំងអស់នៅក្នុងសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមក ជួយយកអាសារគ្នា មើលថែគ្នាឱ្យបានល្អ ពិសេសត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ព្រោះថាមានតែចំណេះវិជ្ជាទេ ទើបនាំយើងទៅរកអនាគតល្អ រួចផុតពីការលំបាក ដូច្នេះកូនៗ និងក្មួយៗទាំងអស់ ត្រូវតែប្រព្រឹត្តនូវអំពើល្អ និងខិតខំរៀនសូត្រដើម្បីអនាគតរបស់យើងគ្រប់ៗគ្នា។

លោក ប៉េន សុផល ប្រធានសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម បានឱ្យដឹងថា៖ កុមារដែលបានយកមកចិញ្ចឹមបីបាច់ថែរក្សានៅក្នុងសមាគមសុទ្ធតែកុមារងាយរងគ្រោះ និងរងគ្រោះ ដូចជាកុមារត្រូវឪពុកម្តាយបោះបង់ចោល ត្រូវបានគេរំលោភបំពាន និងបៀតបៀនកេរ្តិ៍ខ្មាស់ ត្រូវបានគេ គំរាមគំហែងត្រូវគេកេងប្រវ័ញ្ចកម្លាំងពលកម្ម ត្រូវបានគេធ្វើបាប មានក្មេងអនាថា មានក្មេងវាយប្រហារគ្នា មានកុមារផ្សេងទៀតពុំបានទទួលកក់ក្តៅពីគ្រួសារ។ សមាគមបានមើលថែរក្សា ផ្តល់កន្លែងស្នាក់នៅ ផ្តល់អាហារ ការថែទាំផ្តល់ការអប់រំរៀនសូត្រ ផ្តល់នូវក្តីសង្ឃឹម ផ្តល់ស្នាមញញឹម ផ្តល់ភាពកក់ក្តៅ និងផ្តល់នូវក្តីស្រលាញ់ដល់ពួកគាត់គ្រប់ៗគ្នាៗ ដូចជាកុមារឯទៀតផងដែរ។ ហើយសព្វថ្ងៃនេះសមាគមមានកុមារស្នាក់នៅសរុបចំនួន ១២៩នាក់ ស្រីចំនួន ៥០នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ១៦នាក់។

ជាមួយគ្នានេះដែរសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកនូវអំណោយមនុស្សធម៌ផ្ដល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ដូចជា៖ អង្ករចំនួន ១តោន, មី ១៥កេស, ទឹកត្រី ១៥យួរ, ទឹកស៊ីអ៊ីវ ១៥យួរ, ទឹកផ្លែឈើ ១៥កេស, ទឹកដោះគោកូនក្មេង ៧កេស, ទឹកសុទ្ធ ២០កេស ព្រមទាំងនំ និងឧបត្ថម្ភថវិកាមួយចំនួនដល់សមាគម លោកគ្រូ អ្នកគ្រូ កុមារទាំងអស់នៅក្នុងសមាគមផងដែរ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
















Powered by Blogger.