សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបក្រុមជនសង្ស័យជួញដូរ ឃាត់ខ្លួនបាន១០នាក់ (ខ្មែរ០២នាក់ ចិនម្នាក់ និងវៀតណាម០៧នាក់) រួមទាំងគ្រឿងញៀនជិត៦គីឡូក្រាម
ស្វាយរៀង៖ សមត្ថកិច្ចខេត្តស្វាយរៀងចុះបង្ក្រាបក្រុមជនសង្ស័យជួញដូរគ្រឿងញៀនបានចំនួន១០នាក់ ស្រីម្នាក់ ក្នុងនោះជនជាតិខ្មែរ០២នាក់ ជនជាតិចិនម្នាក់ និងជនជាតិវៀតណាម០៧នាក់ ដោយដកហូតវត្ថុតាងគ្រឿងញៀងជាង០៥គីឡូក្រាម អាវុធខ្លី០៦ ដើម អាវុធវែងប្រភេទAKស្វាយបត់០១ដើមគ្រាប់៧១គ្រាប់រួមជាមួយឧបករណ៍ សម្ភារមួយចំនួនទៀត ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយខុសច្បាប់ ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។
បើតាមមន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃនេះថា ករណី ជួញដូរ ដឹកជញ្ជូន រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងជួញដូរ អាវុធគ្រាប់រំសេវដោយខុសច្បាប់ នេះសមត្ថកិច្ចបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងរួចរាល់ហើយ។
ប្រភព បានបញ្ជាក់ថា កាលពី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង០៤និង៥០នាទីរសៀល កម្លាំងផែនការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះបង្ក្រាបករណីជួញដូររក្សាទុកដឹកជញ្ជូនគ្រឿងញៀនឆ្លងដែននិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ និងកាន់អាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ រួមទាំងវត្ថុតាងជាច្រើនទៀត៕
Post a Comment