អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជាជនជាតិចិនម្នាក់ ទៅតុលាការពាក់ព័ន្ធករណីឃាតកម្ម និងជំរិតទារប្រាក់ជនជាតិចិនដូចគ្នា នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យជាជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន និងជំរិតទារប្រាក់ជនជាតិចិនដូចគ្នា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គួរឱ្យដឹងថា កាលពីម៉ោង ១៤៖៤៥នាទីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានបើកការ ស្រាវជ្រាវករណីឃាតកម្មគិតទុកជាមុន ជំរិតទារប្រាក់ និងលួចស្ថានទម្ងន់ទោស នៅក្រុងប៉ោយប៉ែត ហើយឈានដល់ការឃាត់ខ្លួនជនជាតិចិនម្នាក់ឈ្មោះ ស៊ុន ជីជៀ (យ៉ាងយ៉ាង) អាយុ៤៨ឆ្នាំ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្នុងចំណោមបក្ខពួក៣នាក់ទៀត ព្រមទាំងចាប់យកវត្ថុតាង រថយន្ត ម៉ាក Hyundai Staria ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ សៀមរាប 2D-2253 ចំនួន ០១គ្រឿង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត និងបន្តកិច្ចស្រាវជ្រាវ ដោយសហការជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ស្វែងរកបក្ខពួកចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើ បានបញ្ជាក់ថា នៅវេលាម៉ោង ៩និង០០នាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពី ឈ្មោះ ទូច កញ្ញា (ហេង) អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ ស្ដីពីករណីបាត់ប្ដី ជនជាតិចិន ឈ្មោះ ជឹង ហ័រកាង (ខាង) ភេទប្រុស អាយុ៣១ឆ្នាំ មានអាសយដ្ឋាន ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានបាត់ខ្លួនកាលពីវេលាម៉ោង០៣និង០៥នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កន្លងមក នៅចំណុចបុរីឌឹផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រពន្ធជនរងគ្រោះបានរៀបរាប់ថា នៅវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានជិះរថយន្តម៉ាក Rang Rover ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 2BA- 8553 ទៅលេងផ្ទះបងប្អូន ជីដូនមួយនៅបុរីឌឹផាកស៊ីធី ក្រោយមកនៅវេលាម៉ោង ១៖១០នាទីយប់ចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានចេញពីផ្ទះបងប្អូនជីដូនមួយវិញ ក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្តថា ក្រោយពីបានទទួលបណ្ដឹងខាងលើរួចកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១៥ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរី KN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានរកឃើញរថយន្តរបស់ជនរងគ្រោះខាងលើ បានផ្លុងចោល និងបានដោះផ្លាកលេខចេញ បន្ទាប់មកកម្លាំងបានធ្វើការឆែកមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងបុរីខាងលើ ឃើញមានរថយន្តចំនួន០១គ្រឿងម៉ាក Hyundai Staria ពណ៌ទឹកប្រាក់ បានជិះនាំមុខរថយន្តជនរងគ្រោះខាងលើយកមកផ្លុងចោល ហើយបើកចេញបាត់តែម្តង។
ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញបានយករថយន្តខាងលើមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវបន្តរហូតដល់វេលាម៉ោង៦ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹក នៅចំណុចអាងទឹកអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយកម្លាំងបានចុះទៅដល់កន្លែងកើតហេតុឃើញថា សាកសពនោះជាសពជនរងគ្រោះខាងលើ មានសភាពហើមជាំ និងមានចងភ្ជាប់ជាមួយដុំដែកចំនួន០២ដុំ ទម្ងន់២០គីឡូក្រាម។ កម្លាំងជំនាញបានបន្តបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង៕
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment