កម្លាំងជំនាញមន្ទីរប្រឆាំងគឿងញៀន ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ៤នាក់ រឹបអូសថ្នាំញៀនជាង ៣គីឡូក្រាម និងសារធាតុគីមីផ្សំជិត ១០គីឡូក្រាម
ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២២៖៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅចំណុច តាមបណ្តោយផ្លូវ៤៣២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនល្មើស៤នាក់៖
១៖ ឈ្មោះ ង្វៀង កាវយូយ ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៩៦
២៖ ឈ្មោះ ង្វៀង ម៉ាយសុងហៀន ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត២០០២
៣៖ ឈ្មោះ ង្វៀង ហ៊យយី ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៩០
៤៖ ឈ្មោះ ង្វៀង យីតាំ ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៩៥។
កម្លាំងជំនាញចាប់យកគ្រឿងញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ១១៤៤ ក្រាម និងគ្រឿងញៀន នីមេតាហ្សេប៉ាម (Nemetazepham) ទម្ងន់ ២០៣២ ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ ៣១៧៦ ក្រាម (៣គីឡូ និង១៧៦ក្រាម)។ ជាមួយគ្នានេះ ក៏មានសារធាតុគីមីផ្សំទម្ងន់ ៨៤៥៨ ក្រាម (៨គីឡូ ៤៥៨ក្រាម) និងឧបករណ៍កែច្នៃមួយចំនួនធំផងដែរ។
បច្ចុប្បន្នជនល្មើសទាំង ៤នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវ ដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់៕
នេះបើយោងតាមកម្លាំងជំនាញមន្ទីរប្រឆាំងគឿងញៀនផុសជាសាធារណៈ តែអ្វីដែលជាចម្ងល់របស់អង្គភាពអ្នកសារព័ត៌មានយើងក៏ដូចជា អង្គការសង្គមស៊ីវិលមានចម្ងល់ចង់សួរទៅ មន្ត្រីជំនាញមន្ទីរប្រឆាំងគ្រឿងញៀនថា ហេតុអ្វីបានជាមិនបញ្ជាក់ចំណុចទីតាំងដែលបានបង្ក្រាប?ដើម្បីបើកបង្ហាញរឿងពិតទាក់ទិនទៅនឹងការបង្ក្រាប ឧក្រិដ្ឋជនដែលនៅពីក្រោយខ្នងក្នុងការផលិតចែកចាយគ្រឿងញៀននៅប្រទេសកម្ពុជា។
តើចំណុចទីតាំងដែលមន្ត្រីជំនាញចុះបង្ក្រាបនៅទីកន្លែងណាជាទូទៅការចុះបង្ក្រាបនៅចំណុចមួយណាសុទ្ធសឹងតែមានទីតាំងនិងមូលដ្ឋានគ្រឹះច្បាស់លាស់ អាស្រ័យដូចបានជម្រាបខ្លួនខាងលើសូមកម្លាំងមន្ត្រីជំនាញរបស់មន្ទីរបង្ក្រាបគ្រឿងញៀនសូមមេត្តាជួយបើកបង្ហាញដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។
សូមគោរពឯកឧត្តមអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាទីគោរព ក្នុងនាមអង្គភាពសារព័ត៌មាន chrtv online មានចម្ងល់ នៅក្នុងករណីនេះហាក់បីដូចជាមានការបិទបាំង ដែលមន្ត្រីជំនាញចុះបង្ក្រាបដោយមិនបានបញ្ជាក់ទីតាំងមូលដ្ឋានគ្រឹះឲ្យបានច្បាស់លាស់។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។ដោយនាគរាជ
Post a Comment