កូរ៉េខាងជើងបាញ់មីស៊ីលជំនាន់ថ្មីលើកទី៤ដើម្បីពង្រឹងសមត្ថភាពដែនការពារសុវត្ថិភាពរបស់ខ្លួន

 

កូរ៉េខាងជើង៖ ការបាញ់សាកល្បងគ្រូសមីស៊ីល (Cruise missiles) រួមទាំងមីស៊ីលប្រឆាំងយន្តហោះចម្បាំងស៊េរីថ្មី ត្រូវបានកូរ៉េខាងជើងបាញ់ចេញពីដីទៅលើអាកាស នៅឯឆ្នេរសមុទ្រភាគខាងលិចប្រទេសកាលពីថ្ងៃទី០២ ខែកុម្ភៈ ដើម្បីបញ្ជាក់អំពីសមត្ថភាពរបាំងការពារសុវត្ថិភាព នៃការបាញ់បង្ហោះគ្រប់គ្រឿងសព្វាវុធដែលបានសាកល្បង និងក្នុងគោលបំណងពង្រឹងសមត្ថភាពដែនការពារសុវត្ថិភាពរបស់ខ្លួនបន្ថែមផងដែរ។ នេះបើតាមការឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNA នៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤។

មែនទែនទៅចំពោះការបាញ់បង្ហោះសាកល្បងគ្រូសមីស៊ីល (Cruise missiles) រួមទាំងមីស៊ីលប្រឆាំងយន្តហោះចម្បាំងស៊េរីថ្មីកាលពីថ្ងៃសុក្រសប្ដាហ៍នេះ គឺជាលើកទីបួនក្នុងរយៈពេលតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ដែលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលបែបនេះ និងបានធ្វើឡើងបីថ្ងៃបន្ទាប់ពីកូរ៉េខាងជើង ដែលជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានបាញ់សាកល្បង គ្រូសមីស៊ីល (Cruise missiles) យុទ្ធសាស្ត្រជំនាន់ថ្មីជាច្រើនគ្រាប់ចូលសមុទ្រខាងលិច។ ចំណែកឯកាលពីថ្ងៃអាទិត្យ លោក គីម ជុងអ៊ុន ក៏បានត្រួតពិនិត្យលើការបាញ់បង្ហោះមីស៊ីល Pulhwasal-3-31 ចំនួនពីរដើម ដែលជាប្រភេទគ្រូសមីស៊ីល (Cruise missiles) យុទ្ធសាស្ត្រជំនាន់ថ្មីបាញ់ចេញពីនាវាមុជទឹកផងដែរ។ ទីក្រុងព្យុងយ៉ាងក៏បានអះអាងក្នុងខែនេះដែរថា បានសាកល្បងប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក និងមីស៊ីលផ្លោងលឿនជាងសំឡេងថែមទៀតផង។


សូមជម្រាបថា ខុសពីមីស៊ីលផ្លោង ការបាញ់សាកល្បងគ្រូសមីស៊ីល (Cruise missiles) គឺមិនត្រូវបានហាមឃាត់ក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបច្ចុប្បន្នលើក្រុងព្យុងយ៉ាងទេ ដោយសារតែវាហោះក្នុងរយៈកម្ពស់ទាបជាងមីស៊ីលផ្លោង។ យ៉ាងណាចំពោះការបាញ់បង្ហោះមីស៊ីលនេះ គឺជាការសាកល្បងឥតឈប់ឈរនៃប្រព័ន្ធអាវុធ រួមទាំងជាសកម្មភាពទៀងទាត់ និងជាកាតព្វកិច្ច ប៉ុន្តែមិនបានកំណត់ពីចំនួនមីស៊ីលដែលបានបាញ់ចេញនោះទេ។ ចំពោះការបាញ់សាកល្បងនេះ ក៏មិនមានផលប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជិតខាងនោះឡើយ ហើយក៏មិនមានអ្វីពាក់ព័ន្ធនឹងស្ថានភាពក្នុងតំបន់ដែរ ព្រោះនេះគ្រាន់តែជាការបាញ់សាកល្បងនៃគូ្រសមីស៊ីល (Cruise missiles) យុទ្ធសាស្ត្រជំនាន់ថ្មីដែលទើបតែអភិវឌ្ឍប៉ុណ្ណោះ។


ជាមួយគ្នានេះបន្ទាប់ពីការបាញ់បង្ហោះលើកទីពីរ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានរំលឹកឡើងវិញនូវគោលដៅរបស់លោក ក្នុងការកសាងកងទ័ពជើងទឹកដែលមានអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងអ្វីដែលលោកបានពិពណ៌នាថា ជាការគំរាមកំហែងពីខាងក្រៅដែលកំពុងកើនឡើង។ នេះបើតាមការឱ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNA។


គួររម្លឹកថា បើតាមក្រុមអ្នកវិភាគបានព្រមានថា កូរ៉េខាងជើងអាចនឹងសាកល្បង គូ្រសមីស៊ីល (Cruise missiles) មុនពេលបញ្ជូនពួកវាទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានអះអាងដែរថា លោក គីម បានដឹកជញ្ជូនអាវុធទៅកាន់ទីក្រុងមូស្គូ ជាផ្នែកនៃកិច្ចព្រមព្រៀងខុសច្បាប់ដែលអាចកើតមាន និងត្រូវបានហាមឃាត់ដោយការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕

Powered by Blogger.