លោក ជួន ណារិន្ទ បញ្ជាឲ្យមន្ត្រីតាមដានបន្ត ក្រោយពីលោក ផែង វណ្ណៈ ថា«ឌីអិនស្ប៉ា និងម៉ាស្សា»បង្កប់ល្បែងស៊ីសង ប៉ុន្តែអាជ្ញាធរខណ្ឌ៧មករា ថាអត់
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាឲ្យមន្ត្រីជំនាញតាមដានបន្តហើយ ក្រោយពីលោក ផែង វណ្ណៈ ថា ទីតាំង«ឌីអិនស្ប៉ា និងម៉ាស្សា»មានបង្កប់ល្បែងស៊ីសងខុសច្បាប់នៅខាងក្នុង ប៉ុន្តែបែរជាកងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះដល់ទីតាំង និងត្រួតពិនិត្យជាក់ស្ដែងថាគ្មានសម្ភារអ្វីពាក់ព័ន្ធល្បែងស៊ីសងនោះទេ គឺពុំដូចការចុះផ្សាយនោះឡើយ។ ដែលការចុះត្រួតពិនិត្យរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករានេះ ត្រូវបានលោក ផែង វណ្ណៈ ហៅថា ជាក្រុមសម្ដែង បោកប្រាស់ថ្នាក់លើ ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ លោក ផែង វណ្ណៈ បានបង្ហោះរូបភាពទីតាំងឌីអិនស្ប៉ា និងម៉ាស្សា និងសរសេរថា ៖ «មុននេះប្រជាពលរដ្ឋរាយការណ៍មកថា ក្លិបម៉ាស្សា ឌីអិន ស្ថិតផ្លូវ១៧១ សង្កាត់វាលវង់ ខណ្ឌ៧មករា មានលួចបង្កើតល្បែងស៊ីសងខុសច្បាប់ ដែលមានមេវង់ឈ្មោះ សារ៉ាត់ ជាអ្នកចាត់ចែង។ សូមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន មេត្តាពិនិត្យមើលករណីនេះផង តើមានលួចលាក់បើកល្បែងស៊ីសងពិតប្រាកដ ឬយ៉ាងណា ?» ។
ក្រោយពីមានបណ្ដាញសង្គមបានបង្ហោះជាសាធារណៈថា ទីតាំងឌីអិនស្ប៉ា និងម៉ាស្សា មានបង្កប់ល្បែងស៊ីសងខុសច្បាប់នៅខាងក្នុង រួចមក នៅរសៀលថ្ងៃទី២១ កុម្ភៈ ដដែលនោះ មានការបញ្ជាពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក កេត ឧត្តម អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង ឌីអិនស្ប៉ា និងម៉ាស្សា ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ១២២ កែងផ្លូវលេខ១៧១ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើសល្បែងស៊ីសងទេ ពោលគឺពុំមានដូចការចុះផ្សាយនោះឡើយ ។
នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យាចំពោះមុខជាមួយសមត្ថកិច្ច ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសផ្សេងៗ ដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណី មិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាមតិវិធីច្បាប់ ។
បន្ទាប់ពីអាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យ រកមិនឃើញបទល្មើសល្បែងស៊ីសងនោះ នៅថ្ងៃទី២២ កុម្ភៈ លោក ផែង វណ្ណៈ បានបញ្ជាក់ថា «អាជ្ញាធរខណ្ឌ៧មករា លេងខូចគេណាស់ ពេលខ្ញុំផ្សាយថា ក្លិប ឌីអិន ម៉ាស្សា លួចលាក់បើកល្បែងស៊ីសងខុសច្បាប់ មន្ត្រីខណ្ឌទូរសព្ទប្រាប់អោយរើចេញមុនកន្លះម៉ោង។ បន្ទាប់ពីរើអស់ហើយ ទើបគេនាំគ្នាទៅសម្ដែងនៅក្លិបម៉ាស្សានោះថា អត់មានលេងទេ។ បន្ទាប់ពីចុះថតសម្ដែងរួច ចេញមកវិញ មេបនល្បែងស៊ីសង ឈ្មោះ សារ៉ាត់ អតីតកងទ័ពអាកាស ចូលមកបើកលេងវិញ រហូតដល់យប់ជ្រៅ។ ប្រយ័ត្នខ្ញុំយកវីដេអូទៅគប់កណ្ដាលមុខវើយ។ ខ្ញុំមិនទម្លាប់ផ្សាយព័ត៌មានមិនពិតទេបាទ។ ក្រុមសម្ដែង បោកប្រាស់ថ្នាក់លើ» ។
លោក ផែង វណ្ណៈ លើកឡើងថា «អាណត្តិនេះហើយ មិនគួរមានមន្ត្រី ឃុបឃិតជាមួយមេល្បែងស៊ីសងខុសច្បាប់ទេ។ ខំសម្ដែងបិទបាំងអំពើអាក្រក់ ចង់វាយបកមកខ្ញុំថា ខ្ញុំផ្សាយព័ត៌មានមិនពិត។ មន្ត្រីធន់នេះ ស្គាល់ខ្ញុំតិចពេកហើយ បើមិនច្បាស់ មិនផ្សាយទេ» ។
ផែង វណ្ណៈ ឲ្យដឹងទៀតថា ចង់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជាបទពិសោធន៍ខ្ញុំ សូមកុំប្រាប់ដំណឹងទៅអាជ្ញាធរអោយដឹងមុន គឺប្រើកម្លាំងផ្សេង ចុះព័ទ្ធជាប់ទីតាំង ហើយចាំប្រាប់អាជ្ញាធរមូលដ្ឋានតាមក្រោយ បើមិនអញ្ចឹងទេ ចាប់មិនបានទេ ព្រោះដាក់ខែស្ទើរគ្រប់ៗគ្នា ។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់ លើទីតាំងល្បែងផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវតែបង្ក្រាប ។
ជាមួយគ្នានេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏បានដាក់ដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឱ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបន្តមាន នៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ៕
Post a Comment