ពិធីចែកវិញ្ញាបនប័ត្រ ប័ណ្ណសរសើរ និងអាហាររូបករណ៍សម្រាប់សិស្សឆ្នើមប្រចាំឆ្នាំ២០២៣

 


(បន្ទាយមានជ័យ) សាលាវឌ្ឍនៈវិជ្ជាគន្ធាសាខាក្រុងប៉ោយប៉ែត បានរៀបចំពិធីចែកវិញ្ញាបនប័ត្រ ប័ណ្ណសរសើរ និងអាហាររូបករណ៍ សម្រាប់សិស្សឆ្នើមប្រចាំឆ្នាំ២០២៣ ក្រោមវត្តមានលោក ញឹម ភឿង អភិបាលរងក្រុង តំណាងឲ្យលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក អ៊ុន គន្ធា អគ្គនាយកនៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត លោក Peter sam អ្នកគ្រប់គ្រងទូទៅ(CEO) លោក លឹម ណារិទ្ធ នាយកសាខានៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស គ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ធ្វើនៅបរិវេណសាលាវឌ្ឍនៈវិជ្ជាគន្ធាសាខាក្រុងប៉ោយប៉ែត។


អគ្គនាយកនៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែតលោក អ៊ុន គន្ធា បានមានមតិលើកឡើងថា៖ សាលាវឌ្ឍនៈវិជ្ជាគន្ធាបានបង្កើតឡើងតាំងពីក្នុងឆ្នាំ១៩៩៨ ក្នុងគោលបំណង ដើម្បីចូលរួមលើកស្ទួយដល់វិស័យអប់រំក្នុងក្រុងប៉ោយប៉ែត ឲ្យមានការប្រកួតប្រជែងជាលក្ខណៈស្តង់ដារខ្ពស់មួយសម្រាប់បណ្ដុះបណ្ដាលគុណភាពធនធានមនុស្សដើម្បីធ្វើជារបស់ប្រទេសជាតិ ដោយគោរព គោលការណ៍បាវវចនា សីលធម៌ វិន័យ និងគុណភាព។ដោយបច្ចុប្បន្នសាលាត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតា បិតា សិស្សមានកំណើនជាង ២០០០នាក់ កើនជាងឆ្នាំមុន បន្ទាប់ពីបញ្ចប់បញ្ហាជំងឺកូវីដ-19កន្លងមក។


លោក អ៊ុន គន្ធា បានបញ្ជាក់ថា៖ ការរៀបចំពិធីបើកបវេសនកាលថ្មីផ្ដល់ជូននូវវិញ្ញាបនប័ត្រ ប័ណ្ណសរសើរ អាហារូបករណ៍ និងរង្វាន់នេះឡើងគឺដើម្បីអបអរសាទរព្រមទាំងលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យកាន់តែស្រឡាញ់ពេញចិត្តនិងផ្ដោតទៅលើការសិក្សាឲ្យកាន់តែខ្លាំងឡើងៗថែមទៀតដើម្បីប្រកួតប្រជែងក្នុងការបណ្ដុះបណ្ដាលគុណភាពធនធានមនុស្សសម្រាប់ប្រទេសជាតិឲ្យបានកាន់តែច្រើន។

ថ្លែងក្នុងឱកាសនោះលោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែត បានលើកឡើងថា៖ការអបរំនេះគឺជាគោលដៅ១ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនិតីកាលទី៧នេះផងដែរ។

លោក ក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង នៃសាលាវឌ្ឍនៈវិជ្ជាគន្ធាសាខាក្រុងប៉ោយប៉ែត ដែលបានសហការរួមចំណែកជួយបណ្តុះបណ្តាលសិស្សនុសិស្ស ដែលជាទំពាំងស្នងឬស្សីអោយមានចំណេះជំនាញពិតប្រាកដដើម្បីយកបំរើជាតិមារុភូមិនាពេលអនាគត។ដូច្នេះហើយសូមឪពុក ម្តាយ ឬអាណាព្យាបាលគួរតែជម្រុញកូនអោយទៅរៀនសូត្រកុំទុកពេលទំនេរធ្វើរឿងផ្តេសផ្តាសដែលនាំអោយខូចអនាគត៕















Powered by Blogger.