អ្នកនាំពាក្យ ៖ ករណីសិស្សនិន្ទេស A,B,C ជាប់គ្រូបង្រៀនដោយស្វ័យប្រវត្តិ ក្រសួងកំពុងពិចារណា
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ឲ្យដឹងថា ករណីបេក្ខជនប្រឡងជាប់សញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣នេះ ជាប់គ្រូបង្រៀនដោយស្វ័យប្រវិត្តនោះ ក្រសួងអប់រំ កំពុងស្ថិតក្នុងការណា ។
លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងនៅថ្ងៃទី២៣ វិច្ឆិកា យ៉ាងដូច្នេះថា ៖ «ជារួម យើងមិនទាន់មានប្រកាសថា ជាប់គ្រូដោយស្វ័យប្រវត្តិនោះទេ គឺយើងគ្រាន់តែពិចារណា ទៅតាមបេក្ខជន។ ឧទារហណ៍ ៖ បើរាជរដ្ឋាភិបាល អនុញ្ញាតឲ្យរើសមួយឆ្នាំ១ពាន់នាក់ តែដល់បេក្ខជនជាប់ដល់ជិត៥ពាន់នាក់ ដូច្នេះយើងមិនគិតជាប់ទាំងអស់នោះទេ។ អ៊ីចឹងយើងគិតទៅតាមលំដាប់ពិន្ទុ គឺកំពុងស្ថិតក្នុងការគិតពិចារណា នៅឡើយទេ» ។
អ្នកនាំពាក្យ បានឲ្យដឹងទៀតថា ករណីដែរក្រសួងអប់រំ គិតថា អាចនឹងអនុវត្តបាន ក្រសួង នឹងដាក់សំណើរទៅកាន់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេច! ហើយក្រសួងនឹងដំណើរការ ។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាមធ្យមសិក្សាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ មានអ្នកជាប់សរុប ៧២.៨៩ភាគរយ ក្នុងនោះបេក្ខជនជាប់និន្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់ ៕
Post a Comment