មេក្រុមហេស្បូឡាលីបង់ចេញមុខគំរាមថាសង្គ្រាម “អ៊ីស្រាអែល-ហាម៉ាស” អាចនឹងរាលដាលពេញក្នុងតំបន់
មេក្រុមហេស្បូឡាលីបង់ ហាសាន់ ណាហ្សរ៉ាឡា បានចេញមុខប្រកាស កាលពីថ្ងៃសុក្រទី៣វិច្ឆិកា ថា សង្គ្រាមដែលអ៊ីស្រាអែល កំពុងធ្វើទៅលើក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា អាចនឹងរីករាលដាល ឆេះក្លាយជាសង្គ្រាមតំបន់ ប្រសិនបើអ៊ីស្រាអែលមិនឈប់ នាពេលនេះទេនោះ។ មេក្រុមចលនាអ៊ីស្លាមប្រដាប់អាវុធ ដែលជាកូនចៅអ៊ីរ៉ង់រូបនេះ បានចោទទម្លាក់កំហុសទៀត ថាគ្រប់យ៉ាងគឺជាកំហុស និងជាការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក។
គួរកត់សំគាល់ថា នេះជាលើកទី១ហើយ ដែលមេក្រុមហេស្បូឡាដ៏មានឥទ្ធិពលបំផុតនៅលីបង់ បានចេញមុខថ្លែងការណ៍ បន្ទាប់ពីសង្គ្រាមរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី៧តុលា។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្សាយបន្តផ្ទាល់ និងមានអ្នកគាំទ្ររាប់ម៉ឺននាក់អង្គុយចាំស្តាប់ពាសពេញក្រុងបេរូត ហាសាន់ ណាហ្សរ៉ាឡា បានអួតសរសើរ ពីភាពអង់អាចក្លាហាន របស់ក្រុមហាម៉ាសប៉ាឡេស្ទីន និងបានអះអាងថាគ្រប់ជម្រើសទាំងអស់ ស្ថិតនៅលើតុ ប្រសិនបើអ៊ីស្រាអែលមិនព្រមឈប់។ ហាសាន់ ណាហ្សរ៉ាឡា បានចោទថា បើសហរដ្ឋអាមេរិកចង់បញ្ឈប់ការកាប់សម្លាប់ប្រជាជននៅហ្កាហ្សា ម្លេះអាមេរិកធ្វើហើយ។
ទន្ទឹមគ្នានេះដែរ ហាសាន់ ណាហ្សរ៉ាឡា បានឆ្លៀតបញ្ជាក់អះអាងថា ការវាយប្រហារនៅថ្ងៃទី៧តុលា គឺក្រុមហាម៉ាស មិនបានប្រាប់មកខាងក្រុមហេស្បូឡា ឲ្យបានដឹងមុនទេ។ ខាងអ៊ីរ៉ង់ក៏មិនបានដឹងមុនដែរ ពោលគឺក្រុមហាម៉ាស សម្រេចធ្វើតែម្នាក់ឯង។ តែយ៉ាងណា ហាសាន់ ណាហ្សរ៉ាឡា បានអះអាងក្រុមហេស្បូឡាលីបង់ បានបើកសមរភូមិបាញ់ប្លោងគ្រាប់ទៅខាងជើងអ៊ីស្រាអែល ដើម្បីជួយក្រុមហាម៉ា ដោយបាងបង្វែរយ៉ាងហោច១ភាគ៣នៃទាហានអ៊ីស្រាអែល ឲ្យងាកមកខាងជើង។ បន្ថែមពីនេះទៀត ហាសាន់ ណាហ្សរ៉ាឡា បានអះអាងថា សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ទាំងអស់នៅក្នុងតំបន់ បានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធតទល់នឹងអ៊ីស្រាអែល។ យ៉ាងណាមិញ ក្រុមហ៊ូទីនៅយេម៉ែន និងកងកម្លាំងនៅអ៊ីរ៉ាក់ បានចាប់ផ្តើមបើកប្រតិបត្តិការបាញ់មីស៊ីលទៅលើអ៊ីស្រាអែលហើយ។
ក្រោយសំដីគំរាមរបស់មេក្រុមហេស្បូឡាលីបង់នេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានប្រតិកម្មភ្លាម ថា ក្រុមហេស្បូឡា ដែលជាអាយ៉ងអ៊ីរ៉ង់នេះ មិនត្រូវលូកដៃ ចង់កេងចំណេញពីវិបត្តិនេះជាដាច់ខាត។ វ៉ាស៊ីនតោនអះអាងថា សហរដ្ឋអាមេរិកមិនចង់ឃើញសង្គ្រាមនេះ ឆេះរាលដាលពេញតំបន់ទេ ហើយក៏មិនចង់ឃើញលីបង់ត្រូវផុងខ្លួនគ្រាំគ្រាក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល ដូចកាលពីឆ្នាំ២០០៦ដែរ ព្រោះថាស្ថានភាពនៅលីបង់រាល់ថ្ងៃ ក្រោមកណ្តាប់ដៃផ្តាច់ការរបស់ក្រុមហេស្បូឡា គឺវាដុនដាបខ្លាំងហួសប្រមាណទៅហើយ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ ថ្វីបើប្រជាជនលីបង់រស់នៅក្នុងភាពក្រីក្រកាន់តែខ្លាំង តែក្រុមហេស្បូឡាលីបង់ បានប្រឹងប្រែងធ្វើទំនើបកម្មសព្វាវុធរបស់ខ្លួន មានមីស៊ីលទំនើបៗ ដោយមានការជួយទំនុកបំរុង ទាំងថវិកានិងសម្ភារៈពីសំណាក់អ៊ីរ៉ង់។ តែយ៉ាងណា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ បានគំរាមទៅក្រុមហេស្បូឡាលីបង់វិញថា កុំមកចង់ល្បងកម្លាំងជាមួយអ៊ីស្រាអែល ប្រយ័ត្នស្តាយក្រោយយំលែងចេញ៕
Post a Comment