ពិធីបើកវគ្គបណ្ដុះបណ្ដាលបំប៉នស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅខេត្តបន្ទាយមានជ័យ

 


(បន្ទាយមានជ័យ) ព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនក្រុមការងារកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត លោក លី សារី អភិបាលរងខេត្ត លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ព្រមទាំងគ្រូបង្គោលនិងក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៩ក្រុម ចំនួន១៨៥នាក់ វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅសាលប្រជុំ(ធំ)សាលាខេត្តបន្ទាយមានជ័យ។


លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឡើងមានប្រសាសន៍រាយការណ៍ដឹងថា៖ ក្រុមចុះបញ្ជីដីធ្លីមានចំនួនសរុប ៩ក្រុម មានមន្ត្រីសរុបចំនួន ១៨៥រូប។ ក.សម្រាប់លទ្ធផលសម្រេចបានគិតត្រឹមថ្ងៃទី ១៥ខែវិច្ឆិកាឆ្នាំ ២០២៣៖

១,ប្រមូលទិន្នន័យ ៣៤៨,៧៨៣ក្បាលដី។

២,បិទផ្សាយ ៣២៣,៩៩៥ក្បាលដី កំពុងបិទផ្សាយ៦៨៦០ក្បាលដី មិនទាន់បិទផ្សាយ ១៧,៩២៨ក្បាលដី។

៣,ចេញបណ្ណ ២៧៩,០០១បណ្ណ មិនទាន់ចេញបាន ២៦,៥៨១បណ្ណ។

៤,ចែកបណ្ណ ២៥២,៤២០បណ្ណ។

ខ.ក្បាលដីមិនទាន់ចុះបញ្ជីប៉ាន់ស្មាន ៣២,៥០០០ក្បាលដី ៣៣៩ភូមិ ៤១ឃុំ/សង្កាត់ ០៩ក្រុង/ស្រុក។

គ.ក្រុមចុះបញ្ជីនៅស្រុកទាំង៩ មានមន្ត្រីសរុប ១៨៥នាក់ គឺមន្ត្រីដនសស ខេត្ត២៤ នាក់ មន្ត្រីដនសភ.ស្រុក២៦នាក់ មន្ត្រីកិច្ចសន្យាដើម្បីនាក់និស្សិត ៣០៩នាក់ និងសសយកក្រុង/ស្រុក 83 នាក់។


ចាស់ស្គាល់ផ្លូវ ក្មេងដើរលឿន នេះជាការលើកឡើងរបស់លោក លី សារី អភិបាលរងខេត្ត ក្នុងការបើកវគ្គបណ្ដុះបណ្ដាលនាពេលនេះ។ ទន្ទឹមជាមួយគ្នានោះលោកលី សារី បានធ្វើការជំរុញ និងរំលឹកទៅដល់មន្ត្រីរៀបចំដែនដីខេត្ត ក្រុង ស្រុក ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ពង្រឹងការងារដោះស្រាយដីធ្លី ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត និងឆាប់រហ័សដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។


ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងវគ្គបណ្ដុះបណ្ដាលនេះនឹងដោតទៅលើប្រធានបទរួមមាន៖

១,ក្រុមសីលធម៌វិជ្ជាជីវៈនិងការរៀបចំផែនការការងារ។

២,ការផ្សព្វផ្សាយជាសាធារណៈនៅការចូលរួមពីសហគមន៍និងការរៀបចំដែនដី។

៣,ការកំណត់ព្រំនិងការវាស់វែង។

៤,ការងារវិនិច្ឆ័យ។

៥,ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ(GPS) និងប្រពន្ធគ្រប់គ្រងទិន្នន័យ(Database)។

ឯកឧត្តម បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ នៃរដ្ឋសភានេះដែលមានសម្ដេចមហាបបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានដាក់អនុសាសន៍បញ្ចកោណដំណាក់កាលទី១ ក្នុងនោះបានធ្វើកំណែទម្រង់ដីធ្លី និងនគររូបនីយកម្មឲ្យកាន់តែស៊ីជម្រៅ និងការបង្កើតអោយមាននៅគោលនយោបាយដីធ្លី។ជាពិសេស ការដាក់ចេញនៅយន្តការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ សំដៅធ្វើយ៉ាងណារកយុត្តិធម៌ជូនប្រជាពលរដ្ឋដោយតម្លាភាព៕
























Powered by Blogger.