ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដាស់តឿនដល់មន្ត្រីស្ថាប័នយុត្តិធម៌ខេត្តកំពង់ធំឱ្យប្រកាន់នូវតម្លាភាព សុចរិតភាពក្នុងការអនុវត្តច្បាប់
កំពង់ធំ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាស់តឿនមន្ត្រីតុលាការ និងមន្ត្រីពាក់ព័ន្ធនឹងស្ថាប័នយុត្តិធម៌ទាំងអស់នៅខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់បន្ថែមលើការពង្រឹងគុណភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ និងពន្លឿនការដោះស្រាយសំណុំរឿងប្រកបដោយតម្លាភាព និងសុចរិតភាព។
ការណែនាំនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងលោក រស់ សារាំ ជាព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជំនួសលោក ស៊ិន វិរៈ ដែលបានផ្លាស់ទៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
លោក ស៊ិន វិរៈ បានរាយការណ៍ថា សាលាដំបូងខេត្តកំពង់ធំបានពន្លឿនការរកយុត្តិធម៌ ព្រមទាំងការលើកកម្ពស់សមត្ថភាពស្ថាប័នយុត្តិធម៌ក្នុងការផ្តល់សេវាកម្មយុត្តិធម៌ និងកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារ ក្នុងនោះមុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សំណុំរឿងព្រហ្មទណ្ឌសល់ចំនួន២៩៩រឿង។
លោក កើត រិទ្ធ បានសង្កត់ធ្ងន់ថា ក្រសួងយុត្តិធម៌បានកំណត់ទិសដៅកែទម្រង់ក្នុងវិស័យយុត្តិធម៌ ដែលជាអាទិភាពសម្រាប់រយៈពេល៥ឆ្នាំខាងមុខ គឺសសរស្តម្ភកំណែទម្រង់ទាំង២៖
* ទី១. ខិតខំកែនៅក្នុងប្រព័ន្ធតុលាការ និងរៀបចំយន្តការថ្មីកែទម្រង់យន្តការដោះស្រាយវិវាទដីកម្ពុជា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។
* ទី២. ជាអាទិភាពនៅក្នុងការអនុវត្តគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការជំរុញនិងពន្លឿនសំណុំរឿងក្តីនៅតាមតុលាការដែលកកស្ទះ និងត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។
លោក កើត រិទ្ធ បានដាស់តឿនមន្ត្រីទាំងអស់ត្រូវមានសាមគ្គីឯកភាពគ្នា ដើម្បីសម្រេចឱ្យបាននូវកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីត្រូវយកចិត្តទុកដាក់បន្ថែមក្នុងការចាត់ការលើសំណុំរឿងឱ្យបានម៉ឺងម៉ាត់ និងមានតម្លាភាព។
លោកបានបន្តថា មន្ត្រីពាក់ព័ន្ធនឹងស្ថាប័នយុត្តិធម៌ទាំងអស់នៅខេត្តកំពង់ធំ កម្លាំងនគរបាលយុត្តិធម៌ ក៏សូមយកចិត្តទុកដាក់លើការបង្ក្រាប និងអនុវត្តច្បាប់ចំពោះបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពផងដែរ។
លោក រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំថ្មី បានឡើងប្តេជ្ញាចិត្តខិតខំដឹកនាំ និងសម្របសម្រួលការងាររបស់នគរបាលយុត្តិធម៌ សំដៅបង្ការនិងបង្ក្រាបបទល្មើសព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីសម្រេចគោលដៅរបស់ក្រសួងយុត្តិធម៌ និងរាជរដ្ឋាភិបាល៕
Post a Comment