ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែវិច្ឆិកា

 សៀមរាប៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៤ វិច្ឆិកា ខាងមុខនេះ នឹងរៀបចំព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បន្ទាប់ពីបានបញ្ចប់ការជួសជុលរួចរាល់ជាស្ថាពរ ក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លាបំផុតនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន គម្រោង អភិរក្ស និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តបានបញ្ចប់រួចរាល់ជាស្ថាពរ។ អាជ្ញាធរជាតិ អប្សរា ក៏នឹងរៀបចំព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លាបំផុតនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ អាជ្ញាធរជាតិអប្សរា នឹងកំណត់ទិសដៅទស្សនាដូចជា ប្រើប្រាស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាច្រកចូលសម្រាប់ការទស្សនា និង បន្តប្រើប្រាស់ស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ជាច្រកចេញសម្រាប់ការទស្សនា៕

Powered by Blogger.