បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ក្នុងករណីហិង្សា

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រោយពីទទួលបណ្តឹងថានៅទីតាំងស្ថិតក្នុងក្រុមទី៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមួយក្រុម មានគ្នា០៦នាក់ បានធ្វើសកម្មភាពប្រើហិង្សាវាយ និងកាប់ទៅលើជនរងគ្រោះ០១នាក់ កំពុងអង្គុយលេងមុខម៉ាតមួយកន្លែង បណ្ដាលអោយជនរងគ្រោះ រងរបួសក្បាល និងដៃធ្ងន់ធ្ងរ ។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ដព្រះសីហនុ បានដាក់បទបញ្ជាដល់ជំនាញពាក់ព័ន្ធ ដឹកនាំដោយលោកស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចុះពិនិត្យកន្លែងកើត និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ដោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញារង ពេញ ពិសិដ្ឋ តំណាងអយ្យការ អមសាលាដំបូងខេត្ដព្រះសីហនុ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឈានទៅឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន ០៦នាក់ ។

សម្ភារៈវត្ថុតាងដកហូតបានមានកាំបិតប័ងតោ (អាវុធធ្វើសកម្មភាព) មួកសុវត្ថិភាព ពណ៌ស ០១(វ៉ៃលើជនរងគ្រោះ) ម៉ូតូចំនួន២គ្រឿង និងទូរស័ព្ទដៃមួយចំនួន ។ 

ជនសង្ស័យបានសារភាពថា ពួកគេនិងជនរងគ្រោះមិនដែលស្គាល់គ្នាទេ គឺមានការយល់ច្រឡំមនុស្ស ដោយជនសង្ស័យស្មានថាជនរងគ្រោះ គឺជាបក្ខពួកក្រុមជនបង្កដែលធ្លាប់ប្រើហិង្សា(ដេញកាប់)លើពួកគេ នៅម្ដុំមុខសួនកំពង់ផែស្វ័យត កាលពីមុន ។ 

ករណីនេះសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងចាប់ដកហូតបាន ទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕



Powered by Blogger.