បច្ចុប្បន្នភាពសង្គ្រាមរវាងអ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នំា២០២៣

 សង្គ្រាមរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីននៅមិនទាន់ថមថយកំដៅនៅឡើយទេ ថ្វីត្បិតថា មានការអំពាវនាវនិងអន្តរាគមន៍ពីសំណាក់សហគមន៍អន្តរជាតិក្តី ជាក់ស្តែង លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល ប៊ីនចាមីន ណេតតាញ់យ៉ាហ៊ូ បានគូសបញ្ជាក់នៅថ្ងៃនេះបន្ថែមទៀត ប្រទេសអ៊ីស្រាអ៊ែលកំពុងតែត្រៀមប្រុងជើងការណ៍ដើម្បីបើកការលុកលុយតាមរយៈថ្មើជើងទៅកាន់តំបន់ហ្គាហ្សា។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលដដែលរូបនេះ មិនបានបញ្ជាក់លំអិតថា តើនឹងឈ្លានពានលុកលុយចូលតំបន់ហ្គាហ្សានៅពេលណានោះឡើយ។

-ការគូសបញ្ជាក់អំពីការវាយលុកលុយចូលតំបន់ហ្គាហ្សានោះ ត្រូវបានលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលថ្លែងឡើងតាមរយៈទូរទស្សន៍ផ្សាយផ្ទាល់ចេញពីរដ្ឋធានីតែលអាវីវ(Tel Aviv)។
-ដោយឡែកលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូបៃដិនឯណោះវិញ បាននិយាយថា ស្ថានការណ៍មិនអាចវិលត្រឡប់ទៅរកសភាពដើមវិញបានទេ រវាងភាគីអ៊ីស្រាអ៊ែល ហើយនិងប៉ាឡេស្ទីន ព្រោះវាបានកើតឡើងតំាងតែពីថ្ងៃទី៦ខែតុលាមកម្លេះ។
-លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គោធឺរ៉េសបានលើកឡើងថា លោកមានក្តីរន្ធត់ចិត្តខ្លំាង បន្ទាប់ពីទទួលប្រតិកម្មតបពីសំណាក់ភាគីអ៊ីស្រាអ៊ែលទំាងកំហឹង អំពីបញ្ហាសង្គ្រាមជាមួយនឹងប៉ាឡេស្ទីន។
-ស្ថិតនៅក្នុងគ្រាកំពុងតែតានតឹងទំាងទស្សនៈ និងការរួមគ្នាដោះស្រាយបញ្ហានេះដែរ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិដដែលរូបនេះបានរំលេចដោយការថ្កោលទោសថា វាជាអំពើភេរវកម្ម ទៅលើអ៊ីស្រាអ៊ែល។
-នៅក្នុងសេចក្តីថ្លែងហេតុដើម របស់លោកហ្គោធឺរ៉េស បានអះអាងដែរថា ភាពទុក្ខសោករបស់ពលរដ្ឋប៉ាឡេស្ទីនមិនបានទទួលយុត្តិធម៌នោះទេ ដែលវិនាសកម្មនេះបានបង្កឡើងដោយក្រុមចលនាហាម៉ាស់។
-ស្របពេលដំណាលគ្នានេះដែរ នៅក្នុងតំបន់ហ្គាហ្សាវិញ មន្ទីរពេទ្យទំាងឡាយបានផ្អាកដំណើរការងាររបស់ខ្លួន ខណៈដែលប្រេងឥន្ធនៈសម្រាប់បំភ្លឺនៅក្នុងមន្ទីរពេទ្យចាប់ផ្តើមអស់ជាបណ្តើរៗហើយ ខណៈភាគីអ៊ីស្រាអ៊ែលបានបិទច្រកចូលផ្គត់ផ្គង់ទៅកាន់តំបន់ហ្គាហ្សា ដោយធ្វើការចោទប្រកាន់ទៅលើក្រុមហាម៉ាស់ថាជាអ្នកទទួលផលចេញពីអគ្គិសនីនេះដែរ។
-យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយឱ្យដឹងនៅថ្ងៃនេះថា តួលេខអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សាបានកើនឡើងជិតដល់៦,៥០០នាក់ហើយ ចាប់តាំងពីមានការផ្ទុះសង្គ្រាមជាមួយនឹងភាគីអ៊ីស្រាអ៊ែលកាលពីថ្ងៃទី៧ខែតុលា រហូតមក។
-ដោយឡែកភាគីអ៊ីស្រាអ៊ែលឯណោះវិញ នៅតែអះអាងថា ពលរដ្ឋរបស់ខ្លួនបានស្លាប់១,៤០០នាក់ និងមនុស្សប្រមាណច្រើនជាង២០០នាក់ផ្សេងទៀតត្រូវបានកងសកម្មប្រយុទ្ធហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មំាងនៅឡើយនៅក្នុងដែនដីហ្គាហ្សា។
-ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិដែលធ្វើការនៅតំបន់ហ្គាហ្សាបាននិយាយថា ខ្លួនអាចនឹងត្រូវផ្អាកលើដំណើរប្រតិបត្តិការនៅទីនោះ ដោយសារតែកង្វះខាតប្រេងឥន្ធនៈសម្រាប់ដឹកជញ្ជូន និងភ្លើងបំភ្លឺ ខណៈវិបត្តិកិច្ចការមនុស្សធម៌ចាប់ផ្តើមកើតឡើងហើយ។
-នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍អឺរ៉ុបវិញ អ្នកការទូតជាន់ខ្ពស់សហគមន៍អឺរ៉ុបមួយរូបបាននិយាយថា សហគមន៍អឺរ៉ុបអាចនឹងបង្វែរជំនួយមនុស្សងាកមកកាន់តំបន់ហ្គាហ្សាវិញម្តង។
-រីឯសភាតំណាងរាស្រ្តរបស់សហរដ្ឋអាម៉េរិកឯណោះវិញ បានអនុម័តិនូវវិធានដំណោះស្រាយមួយ ក្នុងគោលដៅដើម្បីគំាទ្រដល់ភាគីអ៊ីស្រាអ៊ែលលើបញ្ហាសង្គ្រាមជាមួយនឹងភាគីប៉ាឡេស្ទីន៕
Powered by Blogger.