នាយក​រដ្ឋមន្ត្រី​កម្ពុជា​ចេញ​សារ​កោត​សរសើរ​ Kon​ Ant​ ដែល​បាន​នាំ​យក​ព្រលឹង​សិល្បៈ​ដូន​តា​ខ្មែរ​ទៅ​បង្ហាញ​លើ​ភ្នំ​ទឹក​កក​ខ្ពស់​ជាង​គេ​បំផុត​របស់​ណូវែល​ហ្សេឡង់

សិល្បៈជាតិ៖ រូប​ភាព​វីដេអូ​ Kon ​Ant​ រេរាំ​ពត់​ពែន​គ្រង​ឈុត​អប្សរា​យ៉ាង​ស្រស់​ស្អាត​ មិន​ត្រឹម​ទទួល​បាន​ការ​និយម​និង​សរសើរ​ពី​សាធារណជន​ទូទៅ​នោះ​ឡើយ​ សូម្បី​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​គឺ​ឯកឧត្តម​កិត្តិ​ទេសា​ភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ក៏​បាន​ចេញ​សារ​កោត​សរសើរ​ចំពោះ​សកម្មភាព​ដ៏​ប្រពៃ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​មួយ​នេះ​ផង​ដែរ​។

នា​ព្រឹក​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ ឯកឧត្តម​កិត្តិ​ទេសា​ភិបាល​បណ្ឌិត​ បាន​បញ្ចេញ​សារ​ខ្លី​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ភ្ជាប់​ជាមួយ​វីដេអូ​ខាង​លើ​នេះ​ថា​ «សូម​អរគុណ​ និង​កោត​សរសើរ​ដល់​ប្អូនៗ​ ដែល​បាន​នាំ​យក​ព្រលឹង​សិល្បៈ​ដូន​តា​ខ្មែរ​ ក្នុង​ឈុត​អប្សរា​ មក​រាំ​បង្ហាញ​ផ្សព្វផ្សាយ​ពី​អរិយធម៌​ដ៏​ស្រស់​ត្រកាល​ និង​រុងរឿង​របស់​ខ្មែរ​ ដល់​សាធារណជន​នៅ​ទូទាំង​ពិភពលោក​បាន​ទស្សនា​ នៅ​ភ្នំ​ទឹកកក​​នៅ​ប្រទេស​ New​ Zealand​»។

កញ្ញា ​សុគា ​គីមលាង​ ហៅ​កូនអាន​ ដែល​ជា​នាដការីរបាំបុរាណ​ បាន​គ្រង​ឈុតអប្សរា​ និង​រាំរបាំ​ព្រះរាជទ្រព្យ​ខ្មែរ​ (របាំ​អប្សរា​) នៅ​លើ​ភ្នំទឹកកក​ដែល​មាន​ឈ្មោះ​ថា​ Moun​tcook​ របស់​ប្រទេស​ណូវែល​ហ្សេឡង់​។ ភ្នំ​ទឹកកក​នេះ​ជា​ភ្នំ​ដែល​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រទេស​មួយ​នេះ​ ដោយ​មាន​កម្ពស់​ ៣៧​២៤​ម៉ែត្រ​ ឈរ​លើ​លេខ​រៀង​ទី​៣៩​ពិភព​លោក​ក្នុង​ចំណោម​ភ្នំ​ដែល​មាន​កម្ពស់​ខ្ពស់ៗ​បំផុត​៕

Powered by Blogger.