ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០ផ្នែកទី ១ : មុនសម័យអាណានិគមបារាំងជំពូកទី ១( ផ្សព្វផ្សាយវគ្គ១)

 មហាវិនាសកម្ម ដោយសារគំនុំផ្ទាល់ខ្លួន-បាត់បង់ និង   វិលមកវិញ នៃ ខេត្តបាត់ដំបង សៀមរាប ម្លូព្រៃ ទន្លេរពៅ និង ស្ទឹងត្រែង

១.មិនប្តូរចរិត គឺជា ដានចាស់

 ព្រះរាជា អង្គនន់ ដែលជាអ្នកមានទំនោរទៅសៀម  បានរាជាភិសេក នា គ.ស ១៧៧៥ ។ 

ព្រះអនុជ របស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ថន បានទទួលឋានៈ  ជា មហាឧបរាជ ។ ចំណែកព្រះអង្គតន់   ដែលមានទំនោរទៅខាងដាយ-វៀតដែលបានថ្វាយរាជ្យ ព្រះអង្គនន់ ទទួលបានព្រះឋានៈជាព្រះឧភយោរាជ   ។

 បងប្អូនត្រកូល តៃសឺន  បានបះបោរនៅ ដាយ-វៀត តាំងពីឆ្នាំ១៧៧០ ឬ ក៏១៧៧១ ឯណោះ ធ្វើឱ្យ ដាយ-វៀត  រវល់វក់វី  ហើយគិតត្រឹមឆ្នាំ១៧៧៥  ចលនាបះបោរនោះ គំរាមកំហែងយ៉ាងគ្រោះថ្នាក់ដល់រាជធានីវ៉េ ។

ឯកសារប្រវត្តិសាស្ត្រខ្មែរ ជាទូទៅសរសេរថា  នៅឆ្នាំ១៧៧៤ ដាយ-វៀត ដកទ័ពចេញពីកម្ពុជា តាមការស្នើសុំរបស់ព្រះរាជាអង្គតន់ ។ 

ប៉ុន្តែធាតុពិតគឺដោយសារការបះបោររបស់ពួកបងប្អូនត្រកូល តៃ សឺន ឯណោះទេ  ។

គ្រានោះនៅកម្ពុជាក្រោម ឯណោះ ក៏មានការបះបោរគ្រប់ទិសទីដែរ ធ្វើឱ្យចៅហ្វាយក្រុងព្រៃនគរ នាពេលនោះ ដែលជាជនជាតិដាយ-វៀត ឈ្មោះ      ចាស ចេ ពិបាកនឹងបង្រ្កាប ទើប ដាយ-វៀត មិនមានឱកាសវាយប្រហារមកលើខ្មែរ ហើយថែមទាំងសុំឱ្យព្រះអង្គនន់ ជួយពួកគេទៀតផង ។

ប៉ុន្តែ ព្រះរាជាអង្គនន់ ដែលមានទំនោរទៅសៀម តាំងពីដើមមកស្រាប់ មិនជួយ ដាយ-វៀត ដែលតែងតែវាយប្រហារ និង ដណ្តើមទឹកដីខ្មែរ ឡើយ ។ លុះក្រោយពេលពួកគេបានបង្ក្រាបការបះបោរហើយ ចៅហ្វាយក្រុងសាយហ្គន ឈ្មោះ ចាស ចេ បានចាប់ផ្តើមវាយប្រហារមកលើ ខ្មែរ សាជាថ្មី ។ ឯកសារប្រវត្តិសាស្ត្រខ្មែរ ជាទូទៅបកស្រាយថាគឺ « ជាការសងសឹក » របស់ ដាយ-វៀត មកលើខ្មែរ ដោយសារខ្មែរ មិនបានជួយពួកគេបង្ក្រាបការបះបោរមុននោះ  ។

ប៉ុន្តែគិតតែបន្តិចយើងយល់បានភ្លាមថា ក៏ព្រោះតែស្ដេចខ្មែរ អង្គមុន   ( អង្គតន់ ) ព្រមនៅក្រោមអធិរាជភាពរបស់ដាយ-វៀត ។ ប៉ុន្តែព្រះអង្គនន់ អាចនឹងមិនចំណុះដាយ-វៀត ។ ហេតុនោះ ដាយ-វៀត លើកទ័ពវាយខ្មែរ នាពេលនោះ ក្នុងគោលបំណងកុំឱ្យ ព្រះអង្គនន់ ហ៊ានដោះដៃចេញពីអធិរាជភាពរបស់គេ ពោលគឺចង់ត្រួតត្រាខ្មែរ ហើយនឹងឈានទៅច្រឹបយកទឹកដីខ្មែរ ជាបន្តបន្ទាប់ទៀតតែប៉ុណ្ណោះ ។

ការប៉ុនប៉ងត្រួតត្រាខ្មែរ និងប៉ុនប៉ងដណ្តើមយកទឹកដីខ្មែរ នោះ គឺជារឿង

ដដែលៗ គឺជាការ « មិនប្តូរចរិត » មិនដែលបោះបង់មហិច្ឆតា ស្រេកឃ្លានទឹកដីខ្មែរមិនដែលស្កប់ស្កល់ ស្រេកឃ្លានទឹកដីខ្មែរ ជាអលជ្ជី ។ ដើម្បី បរិយាយនូវរាល់បរិបទ គឺកំហុសដែលខ្មែរ ឬ បរទេស បានធ្វើម្តងហើយ ម្តងទៀត មកលើខ្មែរ

យើងសូមក្តោប មកនៅត្រឹមតែពាក្យដ៏សាមញ្ញថា « ដានចាស់ » ។

ចៅហ្វាយក្រុងសាយហ្គន ឈ្មោះ ចាស ចេ ដឹកនាំទ័ពឡើងមកតាមទន្លេមេគង្គ រហូតមកដល់ភ្នំពេញ ទើបពើបប្រយុទ្ធជាមួយកងទ័ពខ្មែរ ជាបន្តបន្ទាប់ (នៅមានបន្តវគ្គ២)និពន្ធដោយ លោក ខឿន សាឃាង  រក្សាសិទ្ធិ ដោយ អង្គភាព ស៊ីអេចអ ធីវីអនឡាញ

Powered by Blogger.