មិនទាន់អស់ទេ! សូម្បីតែប្រពន្ធលោកប្រធានមន្ទីរកសិកម្មខេត្តកោះកុង ក៏ត្រូវឲ្យអ្នកនេសាទបង់លុយឲ្យដែរក្នុងការដឹកជញ្ជូនទំនិញខ្យងស

 កោះកុង៖ ធ្លាយរឿងថ្មីបន្ថែម ដែលអ្នកព័ត៌មានទទួលបាន គឺមានក្រដាស់វេលុយតាមធនាគារ អេស៊ីលីដា ចំនួន ១.000ដុល្លា ដែលបានធ្លាក់ចេញពីតំបន់សមុទ្រថ្មស ហើយចេញពីនាក់រកស៊ីដឹកខ្យង ស ត្រូវធ្លាក់មកដល់លោកស្រី ហេង ម៉ានី ដែលជាប្រពន្ធរបស់ លោក អុី ម៉េង លាង ប្រធានមន្ទីរកសិកម្ម ខេត្តកោះកុង។

តាមប្រភពពីអ្នកនេសាទខ្យង ស បានឲ្យដឹងថា អ្នកដែលត្រូវបង់លុយអាចបង់ឲ្យលោក អុី ម៉េងលាង ក៏បាន បង់ឲ្យប្រពន្ធគាត់ក៏បាន ដោយក្នុង មួយបាវខ្យង ស បង់លុយ ៤.000រៀល អ្នកខ្លះបង់ ៣.៥00រៀល ហើយក្នុងមួយថ្ងៃអាចអូសខ្យងស បានពី ២ពាន់ ទៅ ៣ពាន់បាវ ឬអាចឈានទៅដល់ ៤ពាន់បាវក៏មាន។

ប្រភពដដែលបន្តថា គេត្រូវបង់លុយឲ្យលោកស្រី ហេង ម៉ានី ពាក់កណ្ដាល ឲ្យលោក អុី ម៉េងលាង ពាក់កណ្ដាល ហើយភាគច្រើនតាមរយៈ លោក ព្រំ សុវណ្ណា គឺចាប់តាំងពី ៣.000 ទៅ ៤.000ដុល្លា ហើយរឿងនេះត្រូវលាក់ការខ្ពស់បំផុត បើឈ្មួញរកស៊ីណាហ៊ាបំបែកសំបុកតោនេះ លោក អុី ម៉េង លាង ព្រមានថាចាប់បញ្ជូនធ្វើតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត។សូមបញ្ជាក់ថា ខ្យងស ក្នុងមួយបាវខ្យងស មានទំងន់ ៦២-៦៥គីឡូ ហើយតម្លៃដែលឈ្មួញទិញក្នុងមួយបាវខ្យងស តម្លៃ ១៤.000រៀល ពីអ្នកនេសាទ ហើយដឹកយកទៅលក់ដល់កំពង់សោម ឬកំពង់ផ្សេងទៀត មានតំម្លៃ ២៤.000រៀល ទៅ ២៦.000រៀល ហើយសល់លុយចំណេញបន្តិចបន្តួចទេ ឈ្មួញអ្នកទិញខ្យងនោះ។

ករណីនេះ មហាជនទូទៅសង្ឃឹមថា អង្គភាពប្រឆាំងអំពើរពុករលួយ និងក្រសួងពាក់ព័ន្ធ នឹងដាក់ក្រុមការងារចុះស៊ើបអង្កេត កុំឱ្យមន្ត្រីខិលខូចមួយចំនួនតូចឆ្លៀតឱកាសធ្វើឲ្យបាក់មុខ បាក់មាត់ ប្រមុខថ្នាក់ដឹកនាំអស់៕







Powered by Blogger.