លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបើកកិច្ចប្រជុំដាក់ផែនការដល់កម្លាំងនគរបាលចរាចរណ៍ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ១សប្តាហ៍ មុនអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក


បន្ទាយមានជ័យ: អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់នគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវបង្កើនការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនសណ្តាប់ធ្នាប់ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារ ដល់កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ការិយាល័យនគរបាលសណ្តាប់ធ្នាប់ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ឲ្យចុះទៅអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកប្រើប្រាស់ផ្លូវ មួយសប្តាហ៍ មុនអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឬធ្វើការផាកពិន័យនៅសប្តាហ៍បន្ទាប់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់កម្លាំងនគរបាលចរាចរណ៍ទាំងអស់ ត្រូវធ្វើផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព។ កម្លាំងនគរបាលចរាចរណ៍ទាំងអស់ត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងការប្រែប្រួលបច្ចេកវិទ្យា។ ពេលបំពេញការងារ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ ឈរលើគោលការណ៍គោរពច្បាប់ គោរពវិន័យ និងបទបញ្ជា៕ 





























Powered by Blogger.